ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ លទ្ធិប្រជាធិបតេយ្យ កាន់តែរឹងមាំក្នុងរយៈពេល ១ឆ្នាំក្នុងសង្គ្រាម របស់រុស្ស៊ី លើអ៊ុយក្រែន

គៀវ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា លទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោកកាន់តែ “រឹងមាំ” បន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមការលុកលុយរបស់ខ្លួន លើអ៊ុយក្រែនជិតមួយឆ្នាំមុន ខណៈដែលបញ្ជាក់ជាថ្មី ពីការបន្តគាំទ្រ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងគៀវ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ។

មួយថ្ងៃបន្ទាប់ពីការធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល មួយទៅកាន់ទីក្រុងគៀវ លោក បៃដិន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់ នៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៅក្នុងសុន្ទរកថា ដែលបានចេញផ្សាយពីសួនច្បារនៃ Royal Castle ក្នុងទីក្រុង Warsaw ដោយបានប្រកាសថា “អ៊ុយក្រែន នឹងមិនក្លាយជាជ័យជំនះ សម្រាប់ប្រទេសរុស្ស៊ីឡើយ។

សុន្ទរកថារបស់លោក បៃដិន បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ ពីសុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលពន្យារពេលជាយូរមកហើយ ដែលក្នុងនោះលោកបានបង្ហាញ ពីសញ្ញានៃការបញ្ចប់សង្រ្គាម ហើយបាននិយាយថាទីក្រុងម៉ូស្គូ នឹងផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New START ។

សន្ធិសញ្ញានេះគឺជាកតិកាសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ តែមួយគត់ ដែលនៅសេសសល់ ជាមួយសហរដ្ឋអាមេរិក ជាមួយនឹងសារចុងក្រោយ របស់លោកពូទីនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលបង្កើនភាពតានតឹង រវាងប្រទេសទាំងពីរជុំវិញ ជម្លោះនៅអ៊ុយក្រែន។

លោក បៃដិន បានឲ្យដឹងកាលពី ៣ថ្ងៃមុនខួបនៃការឈ្លានពានរបស់រុស្ស៊ីនោះ បានលើកដាក់ឈ្មោះលោក ពូទីន ជាច្រើនដង ហើយបានលើកឡើងថា “លទ្ធិប្រជាធិបតេយ្យនៃពិភពលោក បានរីកចម្រើនខ្លាំងជាង មិនមែនខ្សោយជាងនោះទេ ប៉ុន្តែមេដឹកនាំផ្តាច់ការ នៃពិភពលោកកាន់តែចុះខ្សោយ មិនមែនខ្លាំងជាងនោះទេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top