តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថាទីក្រុងតេអេរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានពិភាក្សានិងបញ្ចប់បញ្ហាមួយចំនួននៅកម្រិតអ្នកជំនាញ ហើយបានអះអាងថាមិនមាន “គម្លាត” ពីសកម្មភាពនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសនោះទេ។
ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានដកស្រង់សម្តីប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami ដែលបានឲ្យដឹងនៅលើវេទិកាព័ត៌មានថា វាមិនមានភាព ខុសប្លែកគ្នារវាងកម្រងសំណួរ ព័ត៌មានរចនាដែលដាក់ជូនដោយអ៊ីរ៉ង់ទៅកាន់អង្គការឃ្លាំមើល នុយក្លេអ៊ែរអន្តរជាតិ និងប្លង់នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នោះទេ នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។
ងាកទៅបញ្ហាការពារវិញ លោក Eslami បានកត់សម្គាល់ថា អ៊ីរ៉ង់បានជួបពិភាក្សាជាមួយ IAEA និងផ្តល់ការបំភ្លឺ ខណៈដែលមនុស្សមួយចំនួនកំពុង ព្យាយាមអះអាងថា ទីក្រុងតេអេរ៉ង់ មិនបានឆ្លើយតបទៅនឹង IAEA ។
លោក Rafael Grossi អគ្គនាយក IAEA នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សាលើប្រធានបទមួយចំនួន រួមទាំងបញ្ហាការពារ និងការបិទករណីនេះ។
លោក Eslami ក៏បានច្រានចោលការអះអាងថា អ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតប្រហែល ៨៤ ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ IAEA បានរិះគន់អ៊ីរ៉ង់ ចំពោះការខ្វះខាតកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារនេះ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២ៗ ក្រុមប្រឹក្សាភិបាលរបស់ IAEA បានអនុម័តសេចក្តីសម្រេចមួយ ដែលបានស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលបានអំពាវនាវឱ្យអ៊ីរ៉ង់ សហការជាមួយអ្នកស៊ើបអង្កេតរបស់ទីភ្នាក់ងារទាក់ទងនឹង “ដាននៃសារធាតុអ៊ុយរ៉ាញ៉ូម” ដែលត្រូវបានចោទប្រកាន់ នៅមួយចំនួនរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា