ប៉េកាំង៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងទីក្រុងគៀវ ដោយក្រុមអ្នកជំនាញជឿថា ដំណើរទស្សនៈកិច្ចនេះ កាន់តែបង្ហាញ ថានឹងមិនមានឥទ្ធិពលជាក់ស្តែងច្រើនលើវិបត្តិអ៊ុយក្រែននោះទេ។
ដំណើរទស្សនកិច្ចនេះត្រូវបានរក្សាទុកជាសម្ងាត់រហូតដល់មុនការមកដល់របស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក គីស៊ីដា បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ក្នុងទីក្រុងញូវដេលី។ បើតាមសារព័ត៌មាន Kyodo News ថា វាកម្រណាស់ សម្រាប់មេដឹកនាំជប៉ុនក្នុងការធ្វើដំណើរទៅប្រទេសក្រៅដោយមិនបានប្រកាសបែបនេះ។
វីដេអូដែលថតបានដោយទូរទស្សន៍ Nippon របស់ប្រទេសជប៉ុន បានបង្ហាញពីលោក គីស៊ីដា ឡើងរថភ្លើងនៅស្ថានីយ៍មួយក្នុងទីក្រុង Przemysl ដែលជាទីក្រុងនៅភាគអាគ្នេយ៍ប្រទេសប៉ូឡូញ ជាប់ព្រំដែនជាមួយអ៊ុយក្រែន កាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហគមន៍អន្តរជាតិ គួរតែប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃការលើកកម្ពស់កិច្ចចរចាសន្តិភាព និងបង្កើតលក្ខខណ្ឌសម្រាប់ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។ លោក Wang បានកត់សម្គាល់ថា មានការសង្ឃឹមថា ភាគីជប៉ុននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើឱ្យស្ថានការណ៍ត្រជាក់ជាជាងផ្ទុយមកវិញ។
លោក គីស៊ីដា និងលោក ហ្សេឡិនស្គី ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការគាំទ្ររបស់ជប៉ុន សម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែន ហើយលោក គីស៊ីដា គ្រោងនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការគាំទ្រប្រទេសនេះ នៅមុនកិច្ចប្រជុំកំពូលមួយក្រុម ដែលលោកនឹងធ្វើជាម្ចាស់ផ្ទះ G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា៕ប្រែសម្រួល ឈូក បូរ៉ា