ព័ត៌មានអន្តរជាតិ

Update៖ រកឃើញសាកសពចំនួន៥នាក់ ក្រោយមានហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រ១គ្រឿង នៅជប៉ុន

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា កងទ័ពរបស់ប្រទេសជប៉ុន បានរកឃើញបំណែកយន្តហោះ និងសាកសពចំនួន៥នាក់ កាលពីថ្ងៃអាទិត្យ នៅក្នុងអំឡុងពេលរុករកក្នុងសមុទ្រជ្រៅ សម្រាប់នាវិកនៅលើឧទ្ធម្ភាគចក្រ ដែលបានបាត់ពីរ៉ាដា កាលពីដើមខែនេះ ។

យន្តហោះដែលមានមនុស្ស១០នាក់ នៅលើនោះបានបំពេញបេសកកម្មឈ្លបយកការណ៍នៅគ្រា ដែលយន្តហោះបាន បាត់ខ្លួនកាលពីថ្ងៃទី៦ ខែមេសា ។ កងកម្លាំងស្វ័យការពារដីគោក ហៅកាត់ថា (GSDF) បានពិពណ៌នាថា ជា “ឧបទ្ទវហេតុពី លើអាកាស” ។

អ្នកបើកយន្តហោះ២នាក់ មេកានិច២នាក់ និងសមាជិកនាវិក៦នាក់ នៅលើយន្តហោះ UH-60JA រួមទាំងឧត្តមសេនីយ៍ GSDF មកពីកងពលធំទី៨ ផងដែរ ។

អ្នកនាំពាក្យកងទ័ពបានឲ្យដឹងថា បំណែកយន្តហោះដែលទើបរកឃើញថ្មីៗនេះ ទំនងជារបស់ឧទ្ធម្ភាគចក្រដែលបាត់ ខ្លួន ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតអំពីអត្តសញ្ញាណនៃ សាកសពដែលបានាំយកមកវិញនៅឡើយទេ ។

អ្នកនាំពាក្យរូបនេះបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា “នៅមានមនុស្ស៥នាក់ទៀតដែលមិនត្រូវបានគេរកឃើញ ដូច្នេះប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងដំណើរការក្នុងពេលដំណាលគ្នា” ដដែល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top