ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ លុបចោលគម្រោងរបស់បក្ស Move Forward ដែលផ្តល់ប្រាក់ ១០ ០០០បាត ឱ្យប្រជាជន

បរទេស៖ គណបក្សភឿថៃបានលុបចោលគម្រោងផ្តល់ប្រាក់ចំនួន ១០ ០០០បាត ដែលខ្លួនបានសន្យាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ដោយនិយាយថា ការចំណាយខ្ពស់នៃកម្មវិធីសុខុមាលភាពរបស់គណបក្ស Move Forward នឹងធ្វើឱ្យវាមិនអាចទៅរួច។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សទាំងពីរគឺជាដៃគូដ៏សំខាន់នៅក្នុងសម្ព័ន្ធប្រាំបីគណបក្ស ប៉ុន្តែគណបក្ស Move Forward កំពុងកំណត់របៀបវារៈគោលនយោបាយ ដោយសារតែគណបក្សនេះបានឈ្នះអាសនៈចំនួន ១០ ច្រើនជាងគណបក្សភឿថៃ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ឧសភា។

គណបក្សភឿថៃបន្តទទូចថា ខ្លួននឹងមិនបោះបង់ចោលសម្ព័ន្ធភាពទេ ហើយនឹងនៅតែគាំទ្រមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបន្ទាប់ ប៉ុន្តែគណបក្សទាំងពីរ កំពុងប្រជែងគ្នាដណ្តើមកៅអីប្រធានសភាដដែល។

ក្នុងពេលដែលមេដឹកនាំនៃគណបក្សទាំងពីរបានចេញការអំពាវនាវឱ្យមានការរួបរួមនោះ ពាក្យចចាមអារ៉ាមនៅតែបន្តកើតមានថា គណបក្សភឿថៃ នឹងជាផ្នែកមួយនៃសម្ព័ន្ធភាពជំនួសវិញ ប្រសិនបើការរៀបចំបច្ចុប្បន្នដួលរលំ។

លោក Phaophum Rojanasakul អគ្គលេខាធិការរងបក្សភឿថៃ បាននិយាយថា ក្រុមអ្នកសេដ្ឋកិច្ចរបស់គណបក្សភឿថៃកាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចចិត្តលុបចោលការផ្តល់ប្រាក់ឌីជីថលចំនួន ១០ ០០០ បាត ដោយសារតែកម្មវិធីសុខុមាលភាពដែលគ្រោងទុកដោយគណបក្ស Move Forward នឹងធ្វើឱ្យរដ្ឋខាតបង់ប្រហែល ៥០០ ពាន់លានបាត។

លោកបាននិយាយថា “សម្រាប់គោលនយោបាយកាបូបឌីជីថល ១០ ០០០ បាតរបស់គណបក្សភឿថៃ យើងនៅតែមើលឃើញពីភាពចាំបាច់ក្នុងការជំរុញសេដ្ឋកិច្ចជាតិចំពេលមានភាពទន់ខ្សោយរបស់ប្រទេស”។

លោក Phaophum បានបន្តថា “ប៉ុន្តែគោលនយោបាយនេះនឹងធ្វើឱ្យរដ្ឋខាតបង់ប្រហែល ៥៦០ពាន់លានបាត ខណៈដែលគោលនយោបាយសុខុមាលភាពរបស់គណបក្សឈានមុខគេ នឹងតម្រូវឱ្យមានចំនួនទឹកប្រាក់ស្រដៀងគ្នា។ ដូច្នេះ យើងត្រូវតែបោះបង់ចោលគម្រោងនេះ”។ ចំណែកគណបក្សភឿថៃមានគោលនយោបាយតម្រង់ទិសមូលធនច្បាស់លាស់សម្រាប់កំណើនសេដ្ឋកិច្ចខ្ពស់ជាមួយនឹងសមភាព៕ប្រែសម្រួលៈ ណៃ តុលា

To Top