តូក្យូ៖ សមាជិកសភា និងអ្នកនេសាទកូរ៉េខាងត្បូង រួមជាមួយនឹងសកម្មជនជាពលរដ្ឋជប៉ុន បានធ្វើបាតុកម្ម ក្នុងទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងគម្រោងបញ្ចេញទឹកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចដោយទាមទារឱ្យរដ្ឋាភិបាលជប៉ុន លុបចោលផែនការរបស់ខ្លួន។
បាតុករប្រហែល ២០ នាក់មកពីប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នានៅថ្ងៃនោះនៅមុខគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន រួមទាំងសមាជិកនៃគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់ប្រទេសកូរ៉េ និងសមាជិក ដែលមិនប្រកាន់បក្សពួកផងដែរ។ ពួកគេស្លៀកសម្លៀកបំពាក់ និងកាន់ស្លាកសញ្ញាដោយពាក្យស្លោកដូចគ្នាថា “សមុទ្ររបស់យើង សូមការពារវាជាមួយគ្នា”។
លោក Ju Cheol-hyeon សមាជិកសភាជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ការហូរចេញពីទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា ហួសពីផលប្រយោជន៍ជាតិរបស់ប្រទេសជប៉ុន ហើយនឹងនាំទៅដល់ការបំពុលទឹកសមុទ្រទូទាំងពិភពលោក ដែលជាទង្វើប្រឆាំងនឹងពិភពលោក និងមនុស្សជាតិ។
តំណាងអ្នកនេសាទកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថា ផែនការបញ្ចេញទឹកសមុទ្ររបស់រដ្ឋាភិបាលជប៉ុន នឹងនាំទៅរកផលវិបាក ដែលមិនអាចជួសជុលបាន និងធ្ងន់ធ្ងរ ហើយនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ដោយទាមទារឱ្យទាល់តែមានដំណោះស្រាយប្រកបដោយសុវត្ថិភាព រដ្ឋាភិបាលជប៉ុន ត្រូវតែបញ្ឈប់ផែនការនេះ។ .
នៅពេលដែលសមាជិកសភាកូរ៉េខាងត្បូង បានទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ពួកគេបានមកដល់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូភ្លាមៗ ដើម្បីចូលរួមក្នុងការប្រមូលផ្តុំតវ៉ា។
ក្នុងអំឡុងពេលស្នាក់នៅរយៈពេល ៣ ថ្ងៃរបស់ពួកគេ នៅក្នុងប្រទេសជប៉ុន ពួកគេក៏មានគម្រោងធ្វើទស្សនកិច្ចតវ៉ាទៅកាន់អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែររបស់ប្រទេសជប៉ុន និងការិយាល័យប្រចាំតំបន់នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅទីក្រុងតូក្យូ និងអង្គុយនៅមុខសភាជាតិរបស់ប្រទេសជប៉ុនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា