ព័ត៌មានអន្តរជាតិ

ប្រធានហិរញ្ញវត្ថុ G-20 បរាជ័យជាថ្មីម្តងទៀត ក្នុងការបង្រួបបង្រួម ជុំវិញសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន

ឥណ្ឌា ៖ ប្រធានហិរញ្ញវត្ថុ មកពីក្រុមសេដ្ឋកិច្ចទាំង ២០ ​បានបរាជ័យម្តងទៀត ក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍រួម ចំពេលមានការបែងចែក យ៉ាងស៊ីជម្រៅអំពីសង្រ្គាម របស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលភាពតានតឹង បានកើនឡើងរវាងប្រទេស កំពុងមានសង្រ្គាម បន្ទាប់ពីការដកខ្លួន របស់ទីក្រុងម៉ូស្គូ ពីកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន ។

សមាជិកភាគច្រើននៃ G-20 ចែករំលែកទស្សនៈថា រុស្ស៊ី ត្រូវស្តីបន្ទោស ចំពោះផលប៉ះពាល់អវិជ្ជមាន ដល់សេដ្ឋកិច្ចពិភពលោក ទោះបីជារុស្ស៊ី និងចិន នៅតែមានជម្លោះ ជាមួយប្រទេសផ្សេងទៀត អំពីរបៀបដែលពួកគេមើលឃើញសង្គ្រាម នេះបើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានឲ្យដឹងបន្ទាប់ពីបានជួបជាមួយសមភាគីរបស់លោកថា ការបែងចែក គឺជា​បញ្ហាប្រឈមដ៏ធំ​សម្រាប់ក្រុម ។

នេះ​ជា​លើក​ទី​ប្រាំមួយ​ហើយ ​ដែល​កិច្ចប្រជុំ​របស់​ប្រធាន ​ហិរញ្ញវត្ថុ​បាន​បញ្ចប់​ដោយ ​គ្មាន​សេចក្តីថ្លែងការណ៍​រួម ក្រោម​អធិបតីភាព​ឥណ្ឌា កិច្ចប្រជុំ​កំពូល G-20 ឆ្នាំ​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី០៩ និង ១០ ខែ​កញ្ញា ក្នុង​ទីក្រុង​ញូវដែលី ។

ការបរាជ័យម្តងហើយម្តងទៀតរបស់ G-20 ក្នុងការកសាងមតិឯកច្ឆន្ទបានបិទបាំងប្រសិទ្ធភាព របស់ខ្លួនជាវេទិកាមួយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវិបត្តិ ទោះបីជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មើលឃើញពីតម្រូវការ ដើម្បីដោះស្រាយភាពងាយរងគ្រោះ នៃបំណុល ក្នុងចំណោមប្រទេស ដែលមានប្រាក់ចំណូលទាប និងជំរុញឱ្យមានកំណែទម្រង់ពន្ធសកល ដើម្បី ឆ្លុះបញ្ចាំងពីការពិតនៃសេដ្ឋកិច្ចឌីជីថល ។

លោក Suzuki បានប្រាប់សន្និសីទ សារព័ត៌មានមួយនៅភាគខាងលិចប្រទេសឥណ្ឌាថា “ប្រទេសជាច្រើន បានថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ី ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត ដែលអាចធ្វើទៅបាន និងបានពង្រឹងសាមគ្គីភាព របស់ពួកគេជាថ្មីជាមួយអ៊ុយក្រែន” ។

លោកបានបន្ដថា “សមាជិកជាច្រើន មានទស្សនៈថា ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវតែត្រូវបាន ស្តីបន្ទោសចំពោះការធ្លាក់ចុះ សេដ្ឋកិច្ចពិភពលោកអវិជ្ជមាន ដែលយើងបានឃើញនាពេលថ្មីៗនេះ” ។

ការផុតកំណត់នៃកិច្ចព្រមព្រៀង ដែលបានអនុញ្ញាត ឱ្យការនាំចេញ គ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅ ក៏បានធ្វើឱ្យមានការព្រួយ បារម្ភឡើងវិញអំពីតម្លៃម្ហូបអាហារ ដែលកើនឡើង និងអសន្តិសុខ ស្បៀងអាហារពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
ប្រភព ៖ Kyodo

To Top