បរទេស៖ Yars ICBM ឬមីស៊ីលផ្លោងឆ្លងទ្វីប គឺជាមីស៊ីល នុយក្លេអ៊ែរទំនើប ដែលត្រូវបានរចនាឡើង ដើម្បីបាញ់ចេញពីវេទិកាចល័ត ឬបាញ់ចេញពីរថយន្ត ។ បង្កើតឡើងដោយរុស្ស៊ី មីស៊ីលនេះត្រូវបានបំពាក់ ដោយយានជំនិះដែលអាចកំណត់គោលដៅ ដោយឯករាជ្យជាច្រើន (MIRVs) ដែលអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ជាច្រើនទៅកាន់គោលដៅផ្សេងៗគ្នា ជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកវរសេនីយ៍ឯក ស័រហ្គេ ការ៉ាកាយេវ (Sergei Karakayev) មេបញ្ជាការកងកម្លាំង មីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី ដែលបាននិយាយថា កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ នឹងបញ្ចប់ការរៀបចំឡើងវិញ នៃការបង្កើតរបស់ខ្លួនជាមួយនឹង ឧបករណ៍ចល័ត Yars នៅឆ្នាំនេះ។
លោក ស័រហ្គេ ការ៉ាកាយេវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ឆ្នាំនេះ កងកម្លាំងមីស៊ីលនឹងបំពេញបរិក្ខារឡើងវិញ របស់ពួកគេ ដោយដាក់កងវរសេនាធំ Yars ICBM មួយទៀត ជាកាតព្វកិច្ចប្រយុទ្ធនៅក្នុងអង្គភាពមីស៊ីល Bologovo”។
ឧបករណ៍បាញ់មីស៊ីល Yars ថ្មីបំផុតនឹងជំនួសប្រព័ន្ធមីស៊ីល Topol ដែលបច្ចុប្បន្នកំពុងបម្រើការជាមួយកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ។
មុននេះ កិច្ចប្រជុំក្រុមប្រឹក្សាយោធានៃកងកម្លាំងមីស៊ីល យុទ្ធសាស្ត្រត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោក ការ៉ាកាយេវ ដើម្បីពិចារណាលើបញ្ហា ទាក់ទងនឹងការរៀបចំឡើងវិញ នៃការបង្កើតមីស៊ីល។
ក្រុមប្រឹក្សាយោធារបស់រុស្ស៊ីបានកត់សម្គាល់ថា ដោយសារការងារជាប្រព័ន្ធរបស់បញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ និងកងកម្លាំងមីស៊ីល ភារកិច្ចនៃការដំឡើងអាវុធទាន់ពេលវេលា សម្រាប់កងវរសេនាធំមីស៊ីល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធកំពុងត្រូវបានអនុវត្តជាប់លាប់។ ផ្នែករបស់ប្រព័ន្ធមីស៊ីលទំនើប នៅក្នុងកងកម្លាំងមីស៊ីល យុទ្ធសាស្ត្រកំពុងកើនឡើងជារៀងរាល់ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា