ព័ត៌មានអន្តរជាតិ

អតីតមន្រ្តីយូអិន ៖ ជប៉ុន គួរប្ដឹងចិនទៅកាន់ WTO ជុំវិញការ ហាមឃាត់ការ នាំចូលអាហារសមុទ្រ

ប្រភព ៖Kyodo

តូក្យូ ៖ អតីតមន្ត្រីជាន់ខ្ពស់របស់អង្គការ សហប្រជាជាតិជឿថា ប្រទេសជប៉ុន គួរតែប្ដឹងចិនទៅកាន់អង្គការ ពាណិជ្ជកម្មពិភពលោកជុំវិញ ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការហាមឃាត់ការ នាំចូលផលិតផលនេសាទ របស់ជប៉ុន បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ចេញពីរោងចក្រ ថាមពល នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ។

ជប៉ុន ​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ WTO ថា​ជា​វិធានការ​យុទ្ធសាស្ត្រ​មួយ ​ដើម្បី​ជំរុញ​ឱ្យ​ចិន​បញ្ចប់​សកម្មភាព​ដាក់​ទណ្ឌកម្ម​ដែល​ក្រុង​តូក្យូបានឲ្យដឹង​ថា ​មិន​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​ទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន​។

លោក Akasaka ក៏ស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងរដ្ឋមន្ត្រីការបរទេសថ្មី Yoko Kamikawa ជជែកវែកញែកបន្ថែម អំពីសុវត្ថិភាពនៃការបង្ហូរទឹក ចេញពីរោងចក្រ Fukushima Daiichi នៅភាគឦសានប្រទេសជប៉ុន ក្នុងអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រចាំសប្តាហ៍នេះនៅទីក្រុងញូវយ៉ក ដើម្បីពង្រីក ការយល់ដឹងអន្តរជាតិ។

លោកបានឲ្យដឹង នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា “សូម្បីតែ បន្ទាប់ពីដាក់ពាក្យបណ្តឹង ជាផ្លូវការជាមួយអង្គការឃ្លាំមើល ពាណិជ្ជកម្មរបស់អង្គការ សហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ក៏ដោយ ទីក្រុងតូក្យូ នៅតែអាចចរចាជាមួយទីក្រុងប៉េកាំងបាន ពីព្រោះការពិភាក្សាទ្វេភាគី គឺជាមូលដ្ឋាននៃយន្តការដោះស្រាយជម្លោះរបស់ WTO” ។

លោក Akasaka បានដោះស្រាយបញ្ហា ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទូទៅ ស្តីពីពន្ធគយ និងពាណិជ្ជកម្ម ដែលជាបុព្វហេតុរបស់ WTO រួមទាំងការជាប់គាំងដល់លេខាធិការដ្ឋាន GATT នៅទីក្រុងហ្សឺណែវ នៅពេលដែលលោកបម្រើការនៅក្រសួងការបរទេសជប៉ុន។

លោកបានលើកឡើងថា “មនុស្សមួយចំនួននិយាយថា ការនាំយកករណីនេះទៅ WTO អាចបង្កបញ្ហាដល់ទីក្រុងប៉េកាំង និងធ្វើឱ្យមានភាពស្មុគស្មាញ​ ប៉ុន្តែខ្ញុំជឿថាប្រទេសជប៉ុន អាចធ្វើវាបានជាយុទ្ធសាស្ត្រមួយ ដើម្បីដាក់សម្ពាធលើប្រទេសចិន ខ្ញុំ​មិន​គិត​ថា ​ចិន​ចង់​មាន​ជម្លោះ​បញ្ហា​នេះ​ជាមួយ​ជប៉ុន​នៅ WTO នោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top