ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋានថៃ រំពឹងថា ភ្ញៀវចិន ជាង ១២០.០០០នាក់ នឹងមកដល់អាកាសយានដ្ឋានដនមឿង និង សុវណ្ណភូមិ ក្នុងអំឡុងពេលសប្តាហ៍ដំបូង នៃការលើកលែងទិដ្ឋាការ

រូបភាពពី៖​ XINHUA

បរទេស៖ អាកាសយានដ្ឋានថៃ (AOT) បានឱ្យដឹងថា ភ្ញៀវចិនជាង ១២០.០០០ នាក់ ត្រូវបានគេរំពឹងថា នឹងមកដល់អាកាសយានដ្ឋានដនមឿង និងអាកាសយានដ្ឋាន សុវណ្ណភូមិ ក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃការលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន និងកាហ្សាក់ស្ថាន ដែលចាប់ផ្តើមពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា បានប្រកាសនៅក្នុងកាសែត Royal Gazette នៅថ្ងៃទី ១៩ ខែកញ្ញា ផែនការលើកលែងទិដ្ឋាការដែលអនុញ្ញាតឱ្យមានការស្នាក់នៅរយៈពេល ៣០ ថ្ងៃសម្រាប់ពលរដ្ឋនៃប្រទេសចិន និងកាហ្សាក់ស្ថាន នឹងដំណើរការរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំក្រោយ។

ប្រធាន អាកាសយានដ្ឋានថៃ (AOT) លោក Kerati Kijmanawat បាននិយាយកាលពីថ្ងៃសុក្រថា ផែនការនេះនឹងបង្កើនចំនួនភ្ញៀវទេសចរចូលមកខ្លាំងនៅក្នុងសប្តាហ៍ដំបូងនៅថ្ងៃទី២៥ខែកញ្ញា ដល់ខែតុលា។

AOT រំពឹងថានឹងមានជើងហោះហើរចំនួន ៦៧៣ ពីប្រទេសចិនទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃគោលនយោបាយលើកលែងទិដ្ឋាការ ឬជាមធ្យម ៩៦ ជើងក្នុងមួយថ្ងៃ។

លើសពីនេះ ភ្ញៀវចិនចំនួន ១៣០.៥៩៣ នាក់ត្រូវបានគេរំពឹងថា នឹងបំពេញជើងហោះហើរចូល និងក្រៅប្រទេស ដោយ ៦៥.៥៨៤នាក់ បានមកដល់ខណៈពេលដែល ៦៥.០០៩ នាក់កំពុងចាកចេញមកថៃ។

ទន្ទឹមនឹងនេះ នឹងមានជើងហោះហើរចំនួន៦រវាងប្រទេសថៃ និងកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា។ AOT រំពឹងថា ចំនួនអ្នកដំណើរកាហ្សាក់ស្ថាននឹងកើនឡើងដល់ ១.៣៣៨ នាក់ ពីអ្នកដំណើរចំនួន ៨៥៣ នាក់ក្នុងកំឡុងសប្តាហ៍ មុនការលើកលែងទិដ្ឋាការ។

អាកាសយានដ្ឋានដុនមឿង នឹងមានជើងហោះហើរទៅ និងមកពីប្រទេសចិនចំនួន ៤១៤ជើង ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឬប្រហែល ៦០ ជើងក្នុងមួយថ្ងៃ ដែលកើនឡើងពី ៣២៦ ជើងក្នុងសប្តាហ៍មុន។ លោក Kerati បាននិយាយថា ចំនួនអ្នកដំណើរចិននឹងកើនឡើងដល់ ៥៧.៥៤៩ នាក់ពី ៤៣.៧៨៣ នាក់ក្នុងសប្តាហ៍ មុនពេលលើកលែងទិដ្ឋាការ។

លោកបាននិយាយថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ១៧ ខែកញ្ញា មានជើងហោះហើរចំនួន ១០.៣៣៣ជើង ពីប្រទេសចិនទៅកាន់សុវណ្ណភូមិ និងដនមឿង និងមានអ្នកដំណើរចំនួន ១,៦ លាននាក់ធ្វើដំណើររវាងប្រទេសទាំងពីរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top