តូក្យូ៖ ប្រតិបត្តិករនៃរោងចក្រនេះបានឲ្យដឹងថា ការបញ្ចេញទឹកវិទ្យុសកម្មជុំទី២ ដែលបានព្យាបាលរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែតុលា ជាការផ្លាស់ប្តូរមួយទំនងជាទាក់ទាញការខឹងសម្បារបន្ថែមទៀតពីប្រទេសចិន។
ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. គ្រោងនឹងបញ្ចេញទឹកវិទ្យុសកម្មប្រមាណ ៧៨០០តោន ដែលជាបរិមាណដូចគ្នានឹងការហូរចេញលើកដំបូងទៅក្នុងសមុទ្រក្នុងរយៈពេលប្រហែល ១៧ ថ្ងៃ។
ការត្រៀមរៀបចំនឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិនិត្យមើលកម្រិតសារធាតុ tritium នៅពេលដែលទឹក ដែលបានព្យាបាលត្រូវបានពិនិត្យ ដោយទឹកសមុទ្រមុនពេលបញ្ចេញ។
ការបញ្ចេញទឹកព្យាបាលលើកដំបូងបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា ចំពេលមានការព្រួយបារម្ភក្នុងចំណោមអ្នកនេសាទក្នុងស្រុក និងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិន ប៉ុន្តែត្រូវបានបញ្ចប់នៅថ្ងៃទី១១ ខែកញ្ញា។
ទោះបីជាទឹកមានកម្រិតកំហាប់សារធាតុ tritium ទាបជាងស្តង់ដារសុវត្ថិភាពសកលក៏ដោយ ប្រទេសចិន បានដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
រដ្ឋាភិបាលជប៉ុន បាននឹងកំពុងជំរុញឱ្យទីក្រុងប៉េកាំងលុបចោលការហាមឃាត់ និងចូលរួមក្នុងការពិភាក្សាផ្អែកលើភស្តុតាងវិទ្យាសាស្ត្រជាមួយអ្នកជំនាញមកពីប្រទេសទាំងពីរ ខណៈពេលដែលកំពុងស្វែងរកជំនួយដល់ឧស្សាហកម្មនេសាទក្នុងស្រុកក្នុងការពង្រីកទិសដៅនាំចេញរបស់ខ្លួនលើសពីប្រទេសចិន៕
ប្រែសម្រួល ឈូក បូរ៉ា