ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងបង្កើនការទិញ មីស៊ីលពីអាមេរិក ចំពេលកំពុងតានតឹង ជាមួយចិន និងកូរ៉េខាងជើង

Raytheon

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយចំពេលដែល ទីក្រុងតូក្យូកំពុងបន្តភាពតានតឹង ជាមួយចិន និងកូរ៉េខាងជើងថា ប្រទេសជប៉ុននឹងចាប់ផ្តើម ទិញមីស៊ីលប្រភេទ Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំសារពើពន្ធ ២០២៥ មួយឆ្នាំមុនការគ្រោងទុកដំបូង ។ លោក Kihara បានធ្វើសេចក្តីប្រកាស កាលពីថ្ងៃពុធបែបនេះ នៅឯកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដំបូងឡើយ ទីក្រុងតូក្យូចង់ទិញមីស៊ីលTomahawk Block V ចុងក្រោយបំផុតចំនួន ៤០០ គ្រាប់ ដែលហោះបានរយៈចម្ងាយប្រហែល ១.៦០០ គីឡូម៉ែត្រ។ ឥឡូវនេះ វានឹងផ្គត់ផ្គង់មីស៊ីលចំនួន ២០០គ្រាប់នៃគំរូមុន នៅចន្លោះឆ្នាំសារពើពន្ធ ២០២៥ និង ឆ្នាំ២០២៧។ កិច្ចព្រមព្រៀង ដែលនៅសល់មានមីស៊ីលថ្មីជាងមុន ដែលនឹងត្រូវចែកចាយ តាមការគ្រោងទុកដំបូង ។

លោក Kihara បាននិយាយថា “ការប៉ុនប៉ងដើម្បីផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី ដោយកម្លាំងមិនត្រូវអត់ឱនឱ្យនៅក្នុងតំបន់ណាមួយឡើយ រួមទាំងឥណ្ឌូប៉ាស៊ីហ្វិក ហើយយើងត្រូវពង្រឹងសមត្ថភាពរារាំង និងការឆ្លើយតប របស់កងកម្លាំងសម្ព័ន្ធមិត្តរបស់យើង” ។

កាលពីឆ្នាំមុន រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចចិត្តបំពាក់ឱ្យកងទ័ពរបស់ខ្លួនជាមួយនឹងសមត្ថភាព “ប្រឆាំងការវាយប្រហារ” ដោយលើកឡើង ពីភាពតានតឹង ជាមួយប្រទេសចិន និងកូរ៉េខាងជើង។ រដ្ឋាភិបាលជប៉ុន បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង ខណៈដែលគណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច បានគិតគូរពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញសន្តិភាព ក្រោយសង្គ្រាមរបស់ប្រទេសនេះ ដើម្បីលើកកំពស់ឋានៈ នៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top