ព័ត៌មានអន្តរជាតិ

សេចក្តីប្រកាស របស់មេដឹកនាំ APEC មិនសំដៅលើជម្លោះ អ៊ីស្រាអែល និងក្រុមហាម៉ាស់ទេ

សាន់ហ្វ្រាន់ស៊ីស្កូ៖ បណ្ដាមេដឹកនាំអាស៊ីប៉ាស៊ីហ្វិក មិនបាននិយាយសំដៅលើការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន ឬសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់ពួកគេ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដោយបង្ហាញភាពមិនចុះសម្រុងគ្នា របស់ពួកគេជុំវិញជម្លោះ ដែលកំពុងបន្តទាំងពីរ ទោះបីជាពួកគេព្យាយាមជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក៏ដោយ។

មេដឹកនាំនៃវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកបានអះអាងជាថ្មី នៅសាន់ហ្វ្រាន់ស៊ីស្កូពីសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានមូលដ្ឋានលើច្បាប់ និងសមាហរណកម្មសេដ្ឋកិច្ច ដែលជំរុញដោយទីផ្សារ ហើយបានឲ្យដឹងថាពួកគេ “នៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនរបស់យើងទាំងអស់គ្នា និងដើម្បីបង្កើតអនាគត ដែលធន់ និងនិរន្តរភាព”។

ដោយសារការបែកបាក់គ្នាជុំវិញជម្លោះនៅអឺរ៉ុប និងមជ្ឈិមបូព៌ា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធ បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានដាច់ដោយឡែកមួយ ដែលមិនតម្រូវឱ្យមានការឯកភាពដោយថា “សមាជិកភាគច្រើនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។

ក្រុម​ដែល​មាន​សមាជិក​ទាំង ២១ នោះ​រួម​មាន ចិន និង​រុស្ស៊ី ព្រម​ទាំង​អូស្ត្រាលី ឈីលី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និង​វៀតណាម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សេចក្តីថ្លែងការណ៍របស់ប្រធានបានឲ្យដឹងថា ពួកគេក៏បានពិភាក្សាអំពីវិបត្តិនៅតំបន់ហ្គាហ្សា និងបានបង្ហាញពីជំហររៀងៗខ្លួនអំពីសង្គ្រាម ដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល កាលពីខែមុនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

ប៉ុន្តែលោក បៃដិន បានឲ្យដឹងថា “មេដឹកនាំមួយចំនួន” បានជំទាស់នឹងការប៉ះសង្រ្គាមនៅក្នុងសេចក្តីប្រកាស Golden Gate របស់ពួកគេ ដោយថាពួកគេមិនគិតថា APEC គឺជាវេទិកា ដើម្បីពិភាក្សាអំពីបញ្ហាភូមិសាស្ត្រនយោបាយនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

រូបភាព៖ Kyodo

To Top