ព័ត៌មានអន្តរជាតិ

Update ៖ លោក ពូទីន អំពាវនាវឲ្យអន្តរជាតិ ខិតខំស្វែង រកដំណោះស្រាយ លើជម្លោះរវាង អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន

ប្រភព ៖ Xinhua

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា សហគមន៍អន្តរជាតិគួរតែចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយខាងផ្នែកនយោបាយចំពោះជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ។
លោក ពូទីន បានថ្លែងដូច្នេះនៅឯកិច្ច ប្រជុំកំពូលនិម្មិតវិសាមញ្ញ BRICS ស្តីពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ថា “យើងអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថាន ការណ៍កាន់តែតានតឹង ធ្វើការឆ្ពោះទៅរកបទឈប់បាញ់គ្នា និងការស្វែងរកដំណោះស្រាយ ខាងផ្នែកនយោបាយ ចំពោះជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល” ។

លោកបានសង្កត់ធ្ងន់ថា សមាជិករបស់ BRICS និងបណ្តាប្រទេសនៅក្នុងតំបន់អាចដើរតួនាទី សំខាន់ក្នុងការសម្រេច បាននូវគោលដៅទាំងនេះ ។ នេះបើយោងតាមវិមាន ក្រឹមឡាំងបានឲ្យដឹងដូច្នេះ ។

លោក ពូទីន បានបញ្ជាក់ថា “វាសំខាន់ណាស់ ដែលបណ្តាប្រទេសនៃសមាជិក BRICS ទាំងអស់មានជំហរស្រដៀងគ្នា ទាក់ទងនឹងតម្រូវការ ដើម្បីរួមគ្នាសម្រេចបាននូវដំណោះស្រាយរយៈពេលវែង និងប្រកបដោយនិរន្តរភាព នៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ដែលមានរយៈពេលយូរ” ។

លោកបានថ្លែងថា “ការផ្អាកផ្នែកមនុស្សធម៌ ឬ ប្រសើរជាងនេះ ជាការពិតបទឈប់បាញ់គ្នាទាំងស្រុង គឺចាំបាច់ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ខ្មាំង និងជម្លៀសជនស៊ីវិល និងពលរដ្ឋបរទេស ចេញពីតំបន់ហ្គាហ្សាស្ទ្រីប” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top