ដានកាហា ៖ អ្នកនាំពាក្យម្នាក់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការហាមប្រាមរបស់ពួកតាលីបង់ លើក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលសិក្សាលើសពីសាលាបឋមសិក្សាគឺជា “បញ្ហាតូចមួយ” ហើយមិនគួររារាំង សហគមន៍អន្តរជាតិ ពីការទទួលស្គាល់ វាជារដ្ឋាភិបាលស្របច្បាប់ របស់ប្រទេសនោះទេ ។
លោក Zabihullah Mujahid បានប្រាប់កាសែតក្យូដូរបស់ជប៉ុន នៅទីក្រុកាន់ដាហា ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានថា ការអប់រំស្ត្រី គឺជា “បញ្ហាផ្ទៃក្នុង” ហើយថាវាពិបាកនៅពេលនេះក្នុងការបញ្ចុះបញ្ចូលអ្នកអភិរក្សនិយម និងអ្នកសម្របសម្រួលឱ្យ “នៅតុតែមួយ” លើបញ្ហានេះ។
ក្រុមតាលីបង់ បានផ្អាកការអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សាសម្រាប់ក្មេងស្រី និងហាមឃាត់បុគ្គលិកជាស្ត្រីនៃអង្គការជាតិ និងអន្តរជាតិ ដែលប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពីការងារ ដែលជាទង្វើមួយបានធ្វើឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច។
ក្រុមតាលីបង់ ដែលបានត្រលប់មកកាន់អំណាចក្នុងខែសីហា ឆ្នាំ២០២១ មិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិថា ជារដ្ឋាភិបាលស្របច្បាប់នោះទេ ដោយសារតែផ្នែកខ្លះនៃការព្រួយបារម្ភលើសិទ្ធិស្ត្រី និងកុមារី។
លោក Mujahid បានពណ៌នាការរិះគន់ចំពោះការរឹតបន្តឹងលើការអប់រំរបស់ស្ត្រីថាជា “ឧបករណ៍ឃោសនាដោយបណ្តាប្រទេសលោកខាងលិច ដើម្បីបំបែកពួកយើង” ។ លោកបានលើកឡើងថា “ប្រសិនបើយើងបើកសាលាកុមារីឡើងវិញ ប្រជាជននឹងគិតថា យើងមកក្រោមសម្ពាធពីសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ” ”យើងមិនចង់បាននោះទេ” ។
ប៉ុន្តែទោះបីជាវាមិនមែនជាអាទិភាពបច្ចុប្បន្នក៏ដោយ អ្នកនាំពាក្យបាននិយាយថា វាអាចបន្តការអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សាសម្រាប់ក្មេងស្រី និងស្ត្រីក្នុងរយៈពេលជាច្រើនឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
បន្ទាប់ពីពួកតាលីបង់ ចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានលើកឡើងថា ការព្យាបាលរបស់ខ្លួនលើស្ត្រី និងក្មេងស្រីនឹងក្លាយជា “បន្ទាត់ក្រហមជាមូលដ្ឋាន” ដែលមិនគួរត្រូវបានឆ្លងកាត់៕
ប្រែសម្រួល ឈូក បូរ៉ា