ព័ត៌មានអន្តរជាតិ

ជប៉ុន ​សង្ឃឹម​ថា​ នឹង​មានការបន្ធូរបន្ថយ​ ភាព​តានតឹង​នៅ​ហ្គាហ្សា

រូបភាពពី៖​ Kyodo

ឌូបៃ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រាប់ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃសុក្រថា លោកសង្ឃឹមថា ភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សា នឹងបន្ធូរបន្ថយឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។

ក្នុងអំឡុងពេល នៃកិច្ចពិភាក្សារបស់ពួកគេ នៅខាងក្រៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសអារ៉ាប់រួម លោក គីស៊ីដា ក៏ត្រូវបានដកស្រង់ដោយប្រាប់លោក Herzog ថាការបង្កើនការផ្គត់ផ្គង់ទៅហ្គាហ្សា មានសារៈសំខាន់ណាស់ក្នុងការកែលម្អស្ថានភាពមនុស្សធម៌នៅទីនោះ។

លោក គីស៊ីដា បានជួបផ្ទាល់ជាលើកដំបូងជាមួយមេដឹកនាំនយោបាយអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ទៅលើប្រទេសមជ្ឈិមបូព៌ា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ កិច្ចប្រជុំកាលពីថ្ងៃសុក្រ បានធ្វើឡើងស្របពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្តើមប្រយុទ្ធគ្នាឡើងវិញបន្ទាប់ពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែវិច្ឆិកា។

ប្រទេសជប៉ុន ដែលក្រីក្រធនធានជាប្រពៃណីបានបន្ត “ការទូតដែលមានតុល្យភាព” រវាងអ៊ីស្រាអែល និងប្រទេសមូស្លីមនៅមជ្ឈិមបូព៌ា ដោយសារប្រទេសនេះពឹងផ្អែកខ្លាំងលើប្រេងឆៅពីតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋាភិបាលបានឲ្យដឹងថា នៅដើមដំបូង នៃកិច្ចពិភាក្សា លោក គីស៊ីដា បានថ្កោលទោសក្រុមហាម៉ាស សម្រាប់ការវាយ​ភេរវកម្ម​ ដោយផ្តល់ការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបង្ហាញការអាណិតអាសូរ ចំពោះអ្នករងរបួស។

លោក Herzog បានប្រាប់លោក គីស៊ីដា វិញថាលោកបានកោតសរសើរ ចំពោះការថ្កោលទោសយ៉ាងច្បាស់លាស់ របស់ប្រទេសជប៉ុន ចំពោះអំពើភេរវកម្ម ខណៈពេលដែលការពន្យល់ពីជំហររបស់អ៊ីស្រាអែល រួមទាំងសកម្មភាពយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមផ្អាកការប្រយុទ្ធគ្នាជាថ្នូរនឹងចំណាប់ខ្មាំង និងបន្តកិច្ចព្រមព្រៀងពីរដង ដោយកាតាបានដើរតួជាអ្នកសម្រុះសម្រួល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top