ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ការទូតកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន

Xinhua

យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំង ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែនតាមរយៈការដោះស្រាយនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

វិបត្តិ​អ៊ុយក្រែន​អូស​បន្លាយ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​ច្រើន​ពេក ដោយលោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ដើម្បីបន្តលំហូរនៃសព្វាវុធទៅកាន់សមរភូមិនឹងធ្វើឱ្យហានិភ័យនៃវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ហើយនឹងមិនជួយធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបញ្ចប់ការប្រយុទ្ធគ្នានោះទេ។

ប្រទេសចិន បានអំពាវនាវជាថ្មីម្តងទៀតដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងលក្ខណៈប្រកបដោយទំនួលខុសត្រូវ បង្កើនកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់បទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធ ដើម្បីជំរុញការដោះស្រាយវិបត្តិនយោបាយនៅដំណាក់កាលដំបូង និងនាំមកនូវសន្តិភាព ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

លោកបន្ដថា វិបត្តិ​អ៊ុយក្រែន​មាន​មូលហេតុ​ប្រវត្តិសាស្ត្រ និង​ជាក់ស្តែង​ស្មុគស្មាញ។ សរុបមក វាជាការផ្ទុះឡើងដ៏ធំនៃជម្លោះសន្តិសុខនៅអឺរ៉ុប។ ចិន មិនមែនជាអ្នកបង្កើតវិបត្តិ ហើយក៏មិនមែនជាភាគីនៃជម្លោះនោះទេ។ ប្រទេសចិនមិនបានផ្តល់អាវុធប្រល័យលោក ឬឧបករណ៍ដល់ភាគីណាមួយនៃជម្លោះនោះទេ ហើយក៏មិនបានធ្វើ ឬនឹងធ្វើអ្វីដើម្បីទទួលបានផលចំណេញពីវិបត្តិនោះដែរ។

លោកបន្ថែមថា “ជំហររបស់ចិន ចំពោះបញ្ហាអ៊ុយក្រែនតែងតែមានភាពស៊ីសង្វាក់គ្នា និងច្បាស់លាស់ យើងប្តេជ្ញាជាអ្នកតស៊ូមតិ ដើម្បីសន្តិភាព និងជាអ្នកជំរុញកិច្ចចរចាសន្តិភាព។ ប្រទេសចិន គាំទ្រដល់ការកោះប្រជុំជាបន្ទាន់នៃសន្និសីទអន្តរជាតិ ដែលទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមស្មើគ្នាពីគ្រប់ភាគី និងពិភាក្សា​ពី​គ្រប់​ជម្រើស​សន្តិភាព​ដោយ​យុត្តិធម៌”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top