បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនមិនអាចទទួលយកបានទេ ដោយសារហេតុផលខាងភស្តុភារ ដើម្បីទទួលយកសំណើរបស់អ៊ីរ៉ង់ សម្រាប់ជំនួយបន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីចុងសប្តាហ៍ដែល បានសម្លាប់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចូលរួមរំលែកទុក្ខនេះ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សំណើដ៏កម្ររបស់អ៊ីរ៉ង់ ដែលចាត់ទុកសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាសត្រូវចម្បងរបស់ខ្លួន ត្រូវបានបង្ហាញដោយក្រសួងការបរទេសអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយ។
អ្នកនាំពាក្យ Matthew Miller បានប្រាប់អ្នកយកព័ត៌មានថា យើងត្រូវបានស្នើសុំជំនួយ ពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ង់។ យើងបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា យើងនឹងផ្តល់ជំនួយដូចដែលយើងនឹងធ្វើដើម្បីឆ្លើយតបនឹងសំណើ ណាមួយរបស់រដ្ឋាភិបាលបរទេស ក្នុងស្ថានភាពបែបនេះ»។
លោក Miller បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា «នៅទីបំផុត ភាគច្រើនសម្រាប់ហេតុផលខាងភ័ស្តុភារ យើងមិនអាចផ្តល់ជំនួយទាំងនោះបានទេ។
បំណែកនៃឧទ្ធម្ភាគចក្រ ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ ដែលដឹកលោក Raisi, រដ្ឋមន្ត្រីការបរទេសលោក Hossein Amirabdollahian និងអ្នកដំណើរ រួមទាំងនាវិក ៦នាក់ផ្សេងទៀត ត្រូវបានរកឃើញនៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីការស្វែងរកពេញមួយយប់ ក្នុងស្ថានភាពព្យុះភ្លៀង។
អ៊ីរ៉ង់នៅមិនទាន់បានផ្តល់ពាក្យផ្លូវការ ណាមួយអំពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ Bell 212 ដែលផលិតដោយសហរដ្ឋអាមេរិក នៅតំបន់ភ្នំក្បែរព្រំដែនប្រទេស អាហ្សេបៃហ្សង់ នៅឡើយទេ។
នៅពេលសួរថាតើលោកមានការព្រួយបារម្ភថា ទីក្រុងតេអេរ៉ង់អាចនឹងស្តីបន្ទោស ទីក្រុងវ៉ាស៊ីនតោនឬយ៉ាងណា, រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា “សហរដ្ឋអាមេរិកមិនមានចំណែក ក្នុងការចូលរួមក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនោះទេ” ៕
ប្រែសម្រួលៈ ណៃ តុលា