ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធ នៅប៉ាឡេស្ទីន បង្ហាញវិដេអូ ចំណាប់ខ្មាំងជនជាតិរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រដាប់អាវុធនៅប៉ាឡេស្ទីន អ៊ីស្លាមជីហាត បានបង្ហោះវីដេអូខ្លីមួយ តាមអ៊ិនធរណេត ដែលបង្ហាញពីចំណាប់ខ្មាំងម្នាក់ ក្នុងចំណោមយុទ្ធជនរបស់ខ្លួន ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុង ពេលការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលកាលពីឆ្នាំមុន ។

បុរស​ដែល​បានបង្ហាញខ្លួន នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​មាន​រយៈពេល ៣០ វិនាទី​នោះ​គឺមានឈ្មោះថា Alexander Trufanov អាយុ ២៧ ឆ្នាំ ដែល​មាន​សញ្ជាតិ​អ៊ីស្រាអែលផង និង​រុស្ស៊ីផង ។

នៅក្នុងវីដេអូនោះ លោក Trufanov កំណត់អត្តសញ្ញាណខ្លួនឯង ហើយអំពាវនាវដល់ជនជាតិអ៊ីស្រាអែល ដែលកំពុងចូលរួមក្នុងការប្រមូលផ្តុំទាមទារ ឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំង ដើម្បីបង្ហាញការអត់ធ្មត់។

បុរសនេះក៏សន្យាថាគាត់នឹងលាតត្រដាង ការពិតឆាប់ៗនេះអំពីអ្វីដែលបានកើតឡើងចំពោះគាត់ និងឈ្លើយសឹករាប់សិបនាក់ផ្សេងទៀត ដែលកំពុងត្រូវបានឃុំខ្លួន នៅហ្គាហ្សា ។

រំលឹកឡើងវិញការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស ក្រុមជីហាតអ៊ីស្លាម និង ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ផ្សេងទៀតដែលបានបើកប្រឆាំង នឹងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បានបណ្តាល ឱ្យមនុស្ស ប្រហែល១២០០នាក់ត្រូវបានសម្លាប់ និង២៥២នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕

ប្រែសម្រួល៖ស៊ុនលី

To Top