បរទេស ៖ ក្រុមហ៊ុនផលិតរថយន្ត Tesla បានលុបចោលគម្រោង បង្កើតរោងចក្រផលិត រថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ ហើយនឹងផ្តោត តែលើស្ថានីយ៍សាកថ្មប៉ុណ្ណោះ, នេះបើយោងតាមប្រភពពីវិមានរដ្ឋាភិបាលថៃ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីការផ្អាកការងារ របស់ក្រុមនាយកប្រតិបត្តិ Tesla ដែលបានធ្វើទស្សនកិច្ច នៅប្រទេសថៃក្នុងខែវិច្ឆិកាដល់ខែធ្នូ។
ប្រភពបាននិយាយថា “បច្ចុប្បន្នក្រុមហ៊ុន Tesla កំពុងពិភាក្សា តែស្ថានីយសាកថ្មប៉ុណ្ណោះ ដោយផែនការរោងចក្រត្រូវ បានផ្អាកមិនត្រឹមតែ នៅក្នុងប្រទេសថៃ ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។ ពួកគេមិនដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬកន្លែងផ្សេងទៀតទេ លើកលែងតែប្រទេសចិន អាមេរិក និងអាល្លឺម៉ង់”។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រកាស កាលពីខែវិច្ឆិកាឆ្នាំមុនថា Tesla បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្ត EV របស់ខ្លួន។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីលោកបានជួបប្រជុំជាច្រើនជាមួយនាយកប្រតិបត្តិ Tesla ទាំងនៅអាមេរិក និងថៃ។
លោក សេដ្ឋា ថាវីស៊ីន បានទៅទស្សនារោងចក្រ Fremont របស់ក្រុមហ៊ុន Tesla ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងអំឡុងពេលទស្សនកិច្ច នៅសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី 30 នៅក្នុងខែវិច្ឆិកា ដោយបានជួបជាមួយនាយកប្រតិបត្តិ Tesla និងថតរូបជាមួយរថយន្ត Cybertruck ដែលជារថយន្តអគ្គិសនីដ៏លេចធ្លោរបស់ក្រុមហ៊ុន Tesla ថែមទៀត។
លោក សេដ្ឋា ថាវីស៊ីន និងមេដឹក នាំគណបក្សភឿថៃ ដែលកំពុងកាន់អំណាចលោកស្រី Paetongtarn Shinawatra បានជួបជាមួយនាយកប្រតិបត្តិ ជាន់ខ្ពស់ Tesla លោក Rohan Patel ក្នុងពិធីបុណ្យ Yi Peng ក្នុងទីក្រុងឈៀងម៉ៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីបានប្រកាសថា Tesla កំពុងធ្វើការស្ទង់មតិទីតាំងរោងចក្រ សក្តានុពលចំនួនបីនៅក្នុងប្រទេសថៃ ហើយត្រូវបានគេរំពឹងថា នឹងប្រកាសការវិនិយោគជាង ៥ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ៕