បរទេស៖ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ មានសុវត្ថិភាព បន្ទាប់ពីសេវាសម្ងាត់ បានរារាំងអ្វីដែល FBI ហៅថា ការប៉ុនប៉ងធ្វើឃាត ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ខណៈដែលលោក កំពុងវាយកូនហ្គោល នៅលើទីលាននៅ West Palm Beach រដ្ឋ Florida ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់មន្ត្រីអនុវត្តច្បាប់ដែលបាននិយាយថា ភ្នាក់ងារសេវាកម្ម សម្ងាត់បានប្រទះឃើញ និងបានបាញ់ ទៅលើខ្មាន់កាំភ្លើង នៅក្នុងគុម្ពោតព្រៃក្បែរខ្សែបន្ទាត់ទ្រព្យ សម្បត្តិរបស់ទីលានវាយកូនហ្គោល ដែលមានចម្ងាយពីរបីរយម៉ែត្រ ពីកន្លែងដែលលោក Trump កំពុងលេងវាយហ្គោល។
ជនសង្ស័យបានបន្សល់ទុកកាំភ្លើង AK-47 មួយដើម និងសម្ភារមួយចំនួនទៀតនៅកន្លែងកើតហេតុ ហើយជិះរថយន្តគេចខ្លួន ប៉ុន្តែក្រោយមកត្រូវបានចាប់ខ្លួន។ ការប៉ុនប៉ងជាក់ស្តែងលើជីវិតរបស់លោក ដូណាល់ ត្រាំ បានកើតឡើងត្រឹមតែ ២ ខែប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានគេបាញ់ប្រហារ នៅឯការប្រមូលផ្តុំយុទ្ធនាការមួយក្នុងរដ្ឋ Pennsylvania ដោយបានរងរបួសស្រាល នៅត្រង់ត្រចៀកខាងស្តាំ។
ឧប្បត្តិហេតុទាំងពីរនេះបង្ហាញ ពីបញ្ហាប្រឈម នៃការរក្សាបេក្ខភាពប្រធានាធិបតី ឱ្យមានសុវត្ថិភាពនៅក្នុង យុទ្ធនាការប្រកួតប្រជែងដ៏ក្តៅគគុក និងមានភាពចម្រូង ចម្រាសដែលមាន រយៈពេលតែជាង ៧សប្តាហ៍ប៉ុណ្ណោះដែលត្រូវទៅមុន ការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា។
វាមិនច្បាស់ទេថាតើ ឬរបៀបដែលជនសង្ស័យដឹងថា លោក ដូណាល់ ត្រាំ កំពុងលេងកីឡាវាយកូនហ្គោលនៅពេលនោះ ប៉ុន្តែការប៉ុនប៉ងវាយប្រហារនេះគឺប្រាកដថានឹងលើកឡើងនូវសំណួរថ្មីអំពីកម្រិតនៃការការពារដែលលោកដែលត្រូវបានផ្តល់ឱ្យ។
សារព័ត៌មាន CNN, Fox News និង The New York Times បានកំណត់អត្តសញ្ញាណជនសង្ស័យថាជា Ryan Wesley Routh អាយុ ៥៨ឆ្នាំមកពីរដ្ឋ Hawaii ដោយលើកឡើងពីមន្ត្រីអនុវត្តច្បាប់ដែលមិនបញ្ចេញឈ្មោះ ប៉ុន្តែយ៉ាងណាក៏ដោយ FBI បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា