បរទេស៖ លោក Bruno Kahl ប្រធានសេវាស៊ើបការណ៍ បរទេសរបស់អាល្លឺម៉ង់ BND បាននិយាយថា គោលដៅចុងក្រោយរបស់ ទីក្រុងមូស្គូគឺដើម្បីបែងចែកណាតូ និងផ្លាស់ប្តូរសណ្តាប់ធ្នាប់ ពិភពលោកដែលមានស្រាប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Kahl បានប្រាប់សមាជិកសភាក្នុងសភាសហព័ន្ធ Bundestag កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានវ៉ាដាច់រដ្ឋអឺរ៉ុបទាក់ទងនឹង ការចំណាយផ្នែកយោធាក្នុងអំឡុងពេល ជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹង «បន្តសាកល្បងខ្សែបន្ទាត់ក្រហមរបស់បស្ចិមលោក និងបង្កើនការប្រឈមមុខដាក់គ្នាបន្ថែមទៀត»។ លោកបាននិយាយថា “ការប្រឈមមុខដាក់គ្នាខាងយោធា ដោយផ្ទាល់ជាមួយណាតូបានក្លាយជា ជម្រើសសម្រាប់ទីក្រុងម៉ូស្គូ” ។
កាលពីខែមុន លោកពូទីន បានប្រកាសពីការផ្លាស់ប្តូរ គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការកើនឡើង ដ៏មានសក្តានុពលដែលកើតចេញពី ជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ដែលទីក្រុងមូស្គូចាត់ទុកជាការចូលរួម ដោយផ្ទាល់ពីអង្គការណាតូក្នុងជម្លោះ។ ការពិនិត្យឡើងវិញនេះបានកើតឡើង នៅពេលដែលទីក្រុងគៀវបន្តដាក់សម្ពាធ ប្រទេសលោកខាងលិចឱ្យបើកភ្លើងខៀវ ឱ្យខ្លួនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ ដោយបរទេសសម្រាប់ការវាយប្រហារ យ៉ាងជ្រៅនៅក្នុងទឹកដីរុស្ស៊ី។
លោក Kohl បានអះអាងថា គោលបំណងចុងក្រោយរបស់មេដឹកនាំរុស្ស៊ីគឺ “រុញអាមេរិកចេញពីអឺរ៉ុប” និងស្ដារអង្គការណាតូ ទៅកាន់ព្រំដែនចុងទសវត្សរ៍ឆ្នាំ ១៩៩០ របស់ខ្លួន។ លោកបានមានប្រសាសន៍ថា ទីក្រុងមូស្គូស្វែងរកការបង្កើត “ផ្នែកនៃឥទ្ធិពលរបស់រុស្ស៊ី” និងបង្កើត “សណ្តាប់ធ្នាប់ពិភពលោកថ្មី” ។
រុស្ស៊ីបានលើកឡើងម្តងហើយម្តងទៀត អំពីការបន្តពង្រីកអង្គការណាតូទៅភាគខាងកើតថា ជាមូលហេតុមួយនៃជម្លោះរួមជាមួយកិច្ចសហប្រតិបត្តិការ យោធារបស់សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកជាមួយអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា