ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា រកចំណូលបានជាង ១៧៦លានដុល្លារអាមេរិក ពីការនាំចេញផលិតផលជលផល

PHOTO: ENVATO

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសមីយ៉ាន់ម៉ា ទទួលបានប្រាក់ចំណូលចំនួន ១៧៦.៣០២លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញផលិតផលជលផល នៅក្នុងឆមាសទី១ នៃឆ្នាំសារពើពន្ធ២០២៤-22025 ។

លោក U Nyunt Win ប្រធាននាយកដ្ឋានជលផលប្រចាំនៅក្រុង ណៃពិដោរ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ ខាងលើដែលបានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា បាននាំចេញត្រីផ្សេងៗគ្នាជាង ១៦០.០០០តោនទៅកាន់បរទេសនៅក្នុងអំឡុងខែមេសាដល់ខែកញ្ញា ។

សម្រាប់ការនាំចេញនេះដែរ រួមមានត្រីជាង ៨២.០០០តោន ដែលមានតម្លៃ១១០លានដុល្លារ ដែលត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ និងជាង៧៨.០០០តោន មានតម្លៃ៦៥លានដុល្លារ ដែលត្រូវបាននាំចេញតាមច្រកព្រំដែន ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ផលិតផលអាហារសមុទ្ររបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបាននាំចេញទៅកាន់ប្រទេសនានា ក្នុងនោះរួមមាន ប្រទេសជប៉ុន អារ៉ាប់រួម ម៉ាឡេស៊ី និងអូស្ត្រាលី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top