បរទេស៖ ឧត្តមសេនីយ កំពូលមួយរូប បានត្អូញត្អែរថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មិនអាចមានប្រតិកម្មភ្លាមៗ ចំពោះការផ្លាស់ប្តូរស្ថានភាពសមរភូមិនោះទេ ពីព្រោះ ភស្តុភាររបស់ខ្លួនត្រូវបានបំផ្លាញ ដោយការិយាធិបតេយ្យ (ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយ) និងអំពើពុករលួយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្របខ្លួនគឺ ជាតម្រូវការដ៏សំខាន់មួយ សម្រាប់យោធាទំនើប ហើយកងទ័ពរបស់ទីក្រុងគៀវ មានការខ្វះខាតក្នុងរឿងនេះ ប៉ុន្តែមិនមែនដោយសារតែកងទ័ពនោះទេ ។ នេះបើតាមការលើកឡើង របស់ឧត្តមសេនីយ Dmitry Marchenko ដែលចូលរួមក្នុងការការពារទីក្រុងកំពង់ផែ Nikolayev បាននិយាយនៅក្នុង បទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ។
លោកបាននិយាយដោយសំដៅទៅលើកង្វះខាតក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែនថា “ជាអកុសល ការិយាធិបតេយ្យរបស់យើង អំពើពុករលួយ របស់យើងមិនអនុញ្ញាត ឱ្យយើងសម្របខ្លួន និងផលិតនូវអ្វីដែលយើងត្រូវ ការបានយ៉ាងឆាប់រហ័សនោះទេ” ។
លោកបានបង្ហាញការសោកស្ដាយ ចំពោះឱកាសដែលបាត់បង់ ក្នុងការបង្កើនផលិតកម្ម រវាងរដ្ឋប្រហារក្នុងទីក្រុងគៀវក្នុងឆ្នាំ ២០១៤ និងការផ្ទុះអរិភាព ជាមួយរុស្ស៊ីនៅដើមឆ្នាំ ២០២២។
ឧត្តមសេនីយ៍អ៊ុយក្រែនរូបនេះ បន្ថែមថា “អ្នកនយោបាយ និងមន្ត្រីរបស់យើងមួយចំនួនបានរំលង [សម័យនោះ] ហាក់ដូចជាពួកគេឈប់សម្រាក” ។ លោក Marchenko បានអះអាងថា យុទ្ធនាការទិញសព្វាវុធក្នុងប៉ុន្មាន ឆ្នាំមុនរហូតដល់ឆ្នាំ ២០២២ “បានបរាជ័យ” ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ Andrey Taran ត្រូវបានអនុញ្ញាតឱ្យលាលែង ពីតំណែងដោយមានការសរសើរ ចំពោះការងាររបស់គាត់៕
ប្រែសម្រួលៈ ណៃ តុលា