ម៉ូស្គូ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចូលរួមនៅក្នុងវេទិកាវិនិយោគ ដែលមានឈ្មោះថា “Russia Calling!” បានប្រារព្វធ្វើឡើង នៅទីក្រុងម៉ូស្គូ ដើម្បីបង្ហាញពីស្ថានភាពបច្ចុប្បន្ន និងការអភិវឌ្ឍន៍នាពេលអនាគត នៃសេដ្ឋកិច្ចរុស្ស៊ី ។
លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា ពាណិជ្ជកម្ម រវាងប្រទេសរុស្ស៊ី និងចិន មានរហូតដល់២៤០ពាន់លានដុល្លារ សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៣ ។ ទាំងគោលនយោបាយរបស់រុស្ស៊ី ចំពោះវិនិយោគិនចិន និងគោលនយោបាយ របស់ប្រទេសចិន ចំពោះវិនិយោគិនរុស្ស៊ី គឺមានប្រសិទ្ធភាពណាស់ ។ ជិត ៩០ភាគរយនៃពាណិជ្ជកម្ម ត្រូវបានទូទាត់ជាប្រាក់យ័ន និងរូប្លែ ។
លោក ពូទីន ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយរវាងប្រទេសរុស្ស៊ី និងចិន នៅក្នុងឧស្សាហកម្មរថយន្ត ដោយបានកត់សម្គាល់ថា រថយន្តរបស់ប្រទេសចិន មានគុណភាពកាន់តែប្រសើរ និងមានតម្លៃថោកជាងគេ ។
លោក ពូទីន បានចង្អុលបង្ហាញថា ផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ី បានកើនឡើង ៣,៦ភាគរយ កាលពីឆ្នាំមុន និង៤,១ភាគរយគិត ពីខែមករាដល់ខែតុលាឆ្នាំនេះ ។ កំណើននេះត្រូវបានជំរុញ ជាចម្បងដោយ ឧស្សាហកម្មផលិតកម្ម និងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ។ គិតក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ឧស្សាហកម្មផលិតកម្មរបស់ប្រទេសរុស្ស៊ី បានកើនឡើង៨,១ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា