វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទសួរជាថ្មីម្តងទៀត អំពីតួនាទីរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយបង្ហាញការងឿងឆ្ងល់ថា តើសមាជិកផ្សេងទៀតនៃសម្ព័ន្ធមិត្តយោធា នឹងការពារអាមេរិក ប្រសិនបើវាត្រូវបានវាយប្រហារ។
លោក ត្រាំ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការិយាល័យ Oval ថា “អ្នកដឹងពីបញ្ហាធំបំផុតដែលខ្ញុំមានជាមួយអង្គការណាតូដែរទេ? ខ្ញុំស្គាល់ច្បាស់ណាស់ ពួកគេជាមិត្តរបស់ខ្ញុំ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក ត្រាំ ដោយប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងព្រុចសែលថា ប្រទេសបារាំង និងសហរដ្ឋអាមេរិក “តែងតែនៅទីនោះ សម្រាប់គ្នាទៅវិញទៅមក” ក្នុងប្រវត្តិសាស្ត្រ។
លោក ម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំងបានបង្ហាញពី “ការគោរព និងមិត្តភាព” ចំពោះសហរដ្ឋអាមេរិក ខ្ញុំគិតថាយើងមានសិទ្ធិរំពឹងទុកដូចគ្នា”។
មេដឹកនាំបារាំងក៏បានលើកឡើងផងដែរថា សមាជិកណាតូ បានចូលរួមក្នុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា។
នោះគឺជាការអំពាវនាវដំបូង និងតែមួយគត់រហូតមកដល់បច្ចុប្បន្ននៃមាត្រា ត នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលត្រូវបានគេស្គាល់ថា ជាការការពារសមូហភាព។
លោក ម៉ាក្រុង បានលើកឡើងថា “មិនមែនតែជនជាតិបារាំងទេ ប៉ុន្តែជនជាតិអឺរ៉ុប នៅទីនោះ នៅពេលដែលយើងត្រូវបានគេហៅឱ្យទៅអាហ្វហ្គានីស្ថាន។ ហើយដោយវិធីនេះ ពួកគេមិនត្រូវបានព្រមានដោយសមរម្យនៅពេលដែលសហរដ្ឋអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន ដោយថាយើងជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់៕
ប្រែសម្រូល ឈូក បូរ៉ា
