វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធយ៉ាងសន្ធឹកសន្ធាប់ លើទំនិញនាំចូលពីប្រទេសឥណ្ឌា ជាមួយនឹងលេសដែលឥណ្ឌាទិញ និងលក់ប្រេងរុស្ស៊ីឡើងវិញ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Truth Social របស់លោកថា “ឥណ្ឌាមិនត្រឹមតែទិញប្រេងរុស្ស៊ីយ៉ាងច្រើនប៉ុណ្ណោះទេ ពួកគេក៏ទិញប្រេងជាច្រើន ដែលលក់វានៅលើទីផ្សារបើកចំហ សម្រាប់ប្រាក់ចំណេញដ៏ធំផងដែរ” ។
ទំនិញឥណ្ឌាដែលនាំចូលមកសហរដ្ឋអាមេរិកនឹងត្រូវដាក់ពន្ធ ២៥ ភាគរយចាប់ពីថ្ងៃទី ៧ ខែសីហា នេះបើយោងទៅតាមបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៣១ ខែកក្កដា។ ក្រៅពីពន្ធ ២៥ ភាគរយ លោក ត្រាំ បានឲ្យដឹងមុននេះថា លោកនឹងដាក់ពិន័យសម្រាប់ការទិញប្រេងរបស់ឥណ្ឌាពីរុស្ស៊ី ដោយមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនោះទេ។
នៅដើមខែមេសា លោក ត្រាំ បានប្រកាសពន្ធ ២៦ ភាគរយលើទំនិញឥណ្ឌា បន្ថែមពីលើពន្ធមូលដ្ឋាន ១០ ភាគរយ ប៉ុន្តែបន្ទាប់មកលោកបានផ្អាកការដាក់ពន្ធគយបែបនេះ។ ជាការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីរបស់លោក ត្រាំ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកំណត់គោលដៅរបស់ឥណ្ឌា គឺមិនសមហេតុផល ” ហើយការនាំចូលប្រេងរបស់ឥណ្ឌា គឺមានន័យថា “ធានាបាននូវការចំណាយថាមពលដែលអាចព្យាករណ៍បាន និងតម្លៃសមរម្យ” សម្រាប់អ្នកប្រើប្រាស់ឥណ្ឌា។
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងថា “ដូចជាសេដ្ឋកិច្ចធំណាមួយ ឥណ្ឌានឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខសេដ្ឋកិច្ច” ។ យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកជាមួយប្រទេសឥណ្ឌាមានចំនួន ៤៥.៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ កើនឡើង ៥.៩ ភាគរយធៀបនឹងឆ្នាំ ២០២៣ នេះបើយោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
