វាលស្មៅបៃតងក្រោមបន្ទះសូឡា ៖ បទពិសោធគ្រប់គ្រងវាលខ្សាច់ របស់ចិនជាកូនសោ សម្រាប់ដោះស្រាយភាពជាប់គាំង ខាងការប្រយុទ្ធប្រឆាំង រហោឋានកម្មសកល
ភាពរហោឋានកម្មត្រូវបានគេហៅថា«ជំងឺមហារីកនៃភពផែនដី» ដែលបង្កជាការគំរាមកំហែង ដល់ការរស់រាន មានជីវិតនិងការអភិវឌ្ឍ របស់ប្រទេសនិងតំបន់ជាង១១០ នៅទូទាំងពិភពលោក និងប្រជាជន ជាង១.៥០០ លាននាក់រងផលប៉ះពាល់ ។
ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងការញាំញីរាតត្បាតពីរហោឋានកម្មនិងឱនភាពដីដ៏ធ្ងន់ធ្ងរអស់កាលជាយូរឆ្នាំកន្លងមក ប្រទេសចិនបានដាក់ចេញវិធានការជាច្រើនដើម្បីបង្ការ ទប់ស្កាត់និងគ្រប់គ្រងរហោឋានកម្ម ដែលបានសន្សែសន្សំនូវបទពិសោធដ៏មានតម្លៃជាច្រើន។
ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង និងភូមិភាគស្វយ័តស៊ីនជាំង ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីឱនភាពដីនិងរហោឋានកម្ម ក្នុងនោះភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងបានរ៉ាប់រងភារកិច្ចគ្រប់គ្រងឱនភាពដីនិងរហោឋានកម្មលើសពី៦០% នៅទូទាំងប្រទេសចិន។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ តំបន់ទាំងពីរនេះបានរកឃើញនូវវិធីថ្មីៗសម្រាប់ការទប់ស្កាត់រហោឋានកម្ម ក្នុងនោះ ការដំឡើងបន្ទះសូឡាលើវាលខ្សាច់ជាបទពិសោធដ៏ជោគជ័យមួយ។

ដើមឡើយ គោលបំណងនៃការដំឡើងបន្ទះសូឡាគឺដើម្បីប្រើប្រាស់ថាមពលស្អាតនិងសន្សំសំចៃថាមពល ប៉ុន្តែរឿងដែលគួរឱ្យរីករាយគឺគេប្រទះឃើញថា ស្មៅបៃតងបានដុះពេញព្រាតនៅក្រោមបន្ទះសូឡាដែលក្រោយមកត្រូវបានគេហៅថា«ការគ្រប់គ្រងវាលខ្សាច់ដោយបន្ទះសូឡា» និងបង្កើតបានជារូបមន្ត«ពណ៌លឿង+ពណ៌ខៀវ=ពណ៌បៃតង» ដែលមានន័យថា បន្ទះសូឡាពណ៌ខៀវដែលបានតម្រៀបគ្នា ជាជួរលើវាលខ្សាច់ពណ៌លឿង គឺ មានមុខងារដូចជាដើមឈើដែលអាចកាត់បន្ថយកម្លាំងខ្យល់ និងបង្ការការហូរច្រោះដីខ្សាច់។ ម៉្យាងទៀត បន្ទះសូឡាបានបាំងពន្លឺព្រះអាទិត្យ មិនឱ្យចែងចាំងលើដី និងកាត់បន្ថយរំហួតជាតិទឹកក្នុងដី ហើយទឹកដែលលាងសម្អាតបន្ទះសូឡា តាមពេលកំណត់ក៏បានជ្រាបចូលទៅក្នុងដី ដែលនាំឱ្យមានស្មៅដុះចេញព្រោងព្រាត ។
ប៉ុន្តែស្មៅដែលដុះនៅក្រោមបន្ទះសូឡា ប្រសិនជាដុះខ្ពស់ពេក វានឹងបាំងពន្លឺព្រះអាទិត្យ ដែលប៉ះពាល់ដល់ប្រសិទ្ធភាពនៃការផលិតថាមពលអគ្គិសនី ពិសេសស្មៅដែលងាប់ឬក្រៀមស្វិតនៅរដូវរងា វាងាយនឹងឆាបឆេះបង្កជាគ្រោះអគ្គិភ័យ ដូច្នេះបុគ្គលិកក្នុងតំបន់ក៏បានរកឃើញវិធីមួយ ពោលគឺឃ្វាលសត្វពពែ និងចៀម ឱ្យទៅស៊ីស្មៅនៅក្នុងបរិវេណដែលដំឡើងបន្ទះសូឡា ចំណាត់ការបែបនេះ មិនត្រឹមតែបានជួយអ្នកគង្វាល ឱ្យដោះស្រាយបញ្ហាកង្វះស្មៅ ចិញ្ចឹមសត្វ និងដោះស្រាយបញ្ហាដែលស្មៅដុះខ្ពស់ជ្រុលប៉ុណ្ណោះទេ ប៉ុន្តែក៏បានឱ្យអ្នកគង្វាលអាច ប្រើប្រាស់ថាមពលស្អាតក្នុងជីវភាពនិងចិញ្ចឹមសត្វផងដែរ ដែលបង្កើតបានជារូបមន្តវិលជុំផ្នែកអេកូឡូស៊ី ពោលគឺ«បន្ទះសូឡាផលិតថាមពលអគ្គិសនី ដាំស្មៅក្រោមបន្ទះសូឡា ចិញ្ចឹមពពែនិងចៀមក្នុងបរិវេណបន្ទះសូឡា» ដែលនាំមកនូវផលប្រយោជន៍ ទាំងផ្នែកសេដ្ឋកិច្ចដែលបង្កើនប្រាក់ចំណូល របស់អ្នកគង្វាល និងប្រសិទ្ធភាព ខាងការអភិរក្សប្រព័ន្ធអេកូឡូស៊ី បានកែប្រែតំបន់រហោឋាន ឱ្យក្លាយទៅជាទីកន្លែងបង្កើតផលលាភ សម្រាប់អ្នករស់នៅក្នុងតំបន់ និងជាគំរូ នៃការរួមរស់ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។
គួរបញ្ជាក់ថា ទំហំផ្ទៃដីរហោឋានកម្មរបស់ប្រទេសចិន មានចំនួន២៥៧ លានហិកតា ដែលស្មើនឹង២៧% នៃទំហំផ្ទៃក្រឡាសរុប។ ឆ្លងតាមរយៈការប្រយុទ្ធប្រឆាំងនឹងឱនភាពដី និងរហោឋានកម្មអស់ពេលជាច្រើនឆ្នាំ ទំហំផ្ទៃដីដែលរងគ្រោះដោយសារឱនភាពដី និងរហោឋានកម្មបានផ្លាស់ប្តូរពីការរីកធំចំនួន៣៤ ម៉ឺនហិកតា ក្នុងមួយឆ្នាំកាលពីចុងសតវត្សរ៍មុន មកជាការរួមតូចចំនួន៦៧ ហិកតាក្នុងមួយឆ្នាំ។ ការគ្របដណ្តប់នៃផ្ទៃដីបៃតងនៅតាមតំបន់វាលខ្សាច់ធំៗបានកើនឡើងដល់ជាង២០% ហើយធាតុអាកាសដែលមានព្យុះខ្សាច់ក៏បានកាត់បន្ថយចំនួន៣០% បើប្រៀបធៀបនឹងរយៈពេល១០ ឆ្នាំមុន ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ វិធានការ គ្រប់គ្រងឱនភាពដីនិងរហោឋានកម្ម ប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសចិន បានរួមចំណែកជាផ្ទៃដីបៃតងថ្មី ស្មើនឹងប្រហែល២៥% នៃពិភពលោកទាំងមូល ។ ក្នុងនាម ជាប្រទេសមួយក្នុង ចំណោមប្រទេសដំបូង បង្អស់ដែលចូលរួម «សន្ធិសញ្ញាសហប្រជាជាតិស្តីពីការគ្រប់គ្រង រហោឋានកម្ម» ប្រទេសចិនបានសហការជាមួយដៃគូជាច្រើនដូចជា អារ៉ាប់ ម៉ុងហ្គោលី អាស៊ីកណ្តាល និងអាហ្វ្រិកជាដើម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង នឹងឱនភាពដី និងរហោឋានកម្ម ក្នុងនោះ ចិនបានជួយបណ្តុះបណ្តាលសិក្ខាកាម ផ្នែកប្រយុទ្ធប្រឆាំងនឹងឱនភាពដីនិងរហោឋានកម្ម ដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ក្នុងទ្វីបអាស៊ី អាហ្វ្រិកនិងអាមេរិកឡាទីនចំនួនជិតមួយរយរូបជារៀងរាល់ឆ្នាំ ។
បញ្ហាឱនភាពដីនិងរហោឋានកម្មជាការ ប្រឈមរួមរបស់មនុស្សជាតិទាំងមូល ឯការងារប្រយុទ្ធប្រឆាំងនឹងឱនភាពដីនិងរហោឋានកម្មជាភារកិច្ចដ៏លំបាកលំបិនដែលត្រូវចំណាយពេលដ៏យូរនិងកម្លាំងមនុស្សច្រើន។ បទពិសោធល្អៗរបស់ប្រទេសចិន មិនត្រឹមតែបានកាត់បន្ថយផលប៉ះពាល់ពីឱនភាពដីនិងរហោឋានកម្មនៅក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចែករំលែកជាមួយបណ្តាប្រទេសដែលរងផលប៉ះពាល់ផងដែរ។ មានតែប្រទេសនានារួមកម្លាំងគ្នា ទើបអាចរកឃើញដំណោះស្រាយ ដែលមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃឱនភាពដីនិងរហោឋានកម្មសកល ហើយនាំមកនូវផ្ទៃដីបៃតងកាន់តែច្រើនឡើងៗសម្រាប់ភពផែនដីរបស់យើង៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
