ចិន ថ្កោលទោសការរំលោភបំពានពន្ធគយ ក្រោមលេសនៃកម្លាំងពលកម្មដោយបង្ខំ
ហ្សឺណែវ៖ ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍រួមមួយក្នុងនាមក្រុមប្រទេសជិត ២០ នៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញ និងថ្កោលទោសការអនុវត្តពន្ធគយឯកតោភាគី ក្រោមលេសនៃ “កម្លាំងពលកម្មដោយបង្ខំ”។
សេចក្តីថ្លែងការណ៍រួមនេះត្រូវបានថ្លែងដោយលោក Jia Guide តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន និងជាឯកអគ្គរដ្ឋទូតប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតនៅប្រទេសស្វីស។
សេចក្តីថ្លែងការណ៍រួមបានចង្អុលបង្ហាញថា ការលុបបំបាត់ភាពក្រីក្រ គឺអាស្រ័យលើការការពារសិទ្ធិការងាររបស់មនុស្សគ្រប់គ្នា និងសិទ្ធិក្នុងការអភិវឌ្ឍ។ សេចក្តីថ្លែងការណ៍រួមបានឧ្យដឹងថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះកម្លាំងពលកម្មដោយបង្ខំ។
ក្នុងពេលជាមួយគ្នានេះ យើងក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពី និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ពន្ធបន្ថែមលើសេដ្ឋកិច្ចផ្សេងទៀតដោយផ្អែកលើការចោទប្រកាន់ឯកតោភាគី ដែលចោទប្រកាន់ពីការបរាជ័យក្នុងការទប់ស្កាត់ការនាំចូលទំនិញ ដែលផលិតដោយអ្វីដែលហៅថាកម្លាំងពលកម្មដោយបង្ខំ”។
ការដាក់ពន្ធគយដោយបំពានក្រោមរូបភាពនៃវិធានការប្រឆាំងនឹងការបង្ខំឱ្យធ្វើការនឹងរំលោភលើសិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិទទួលបានការងារសមរម្យរបស់កម្មករ ដែលខិតខំប្រឹងប្រែង។
ការអនុវត្តបែបនេះអាចធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកលមិនមានស្ថិរភាព និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ភាពក្រីក្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ប្រទេសចិនជំរុញឱ្យប្រទេសពាក់ព័ន្ធគោរពការពិត ជៀសវាងការធ្វើនយោបាយលើបញ្ហាពាណិជ្ជកម្ម និងការប្រើប្រាស់សិទ្ធិមនុស្សជាអាវុធ រក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍសកលតាមរយៈសកម្មភាពជាក់ស្តែង៕
ប្រែសម្រួល ឈូក បូរ៉ា
