Feature

ប្រភពថា ក្រុមហ៊ុន Volkswagen កំពុងពិចារណាបិទរោងចក្រចំនួន៤នៅអាល្លឺម៉ង់ និងបង្កើនការកាត់បន្ថយការងារដល់ចំនួន ១០០.០០០ នាក់ ដោយសារសម្ពាធកាន់តែខ្លាំងឡើងពីគូប្រជែងចិន និងកត្តាជាច្រើនទៀត

បរទេស៖ ក្រុមហ៊ុន Volkswagen កំពុងពិចារណាបិទរោងចក្រចំនួនបួននៅអាល្លឺម៉ង់ និងបង្កើនការកាត់បន្ថយការងារដល់ចំនួន ១០០.០០០ នាក់, នេះបើយោងតាមប្រភពពីរដែលស្គាល់បញ្ហានេះបាននិយាយកាលពីថ្ងៃសុក្រ ហើយដែលនេះអាចជាការផ្លាស់ប្តូរដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងឧស្សាហកម្មនេះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ Volkswagen ត្រូវបានជូនដំណឹងអំពីផែនការនេះ ដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ៩ ខែកក្កដា, នេះបើយោងតាមប្រភពទាំងនោះ។

ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីគូប្រជែងចិន ពន្ធគយដ៏តឹងរ៉ឹងលើការនាំចូលរថយន្តទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាតម្រូវការធ្លាក់ចុះនៅអឺរ៉ុប ដែលក្រុមហ៊ុនបាននិយាយថា ធ្វើឱ្យគំរូអាជីវកម្មរបស់ខ្លួនមិនអាចទ្រទ្រង់បាន។

យោងតាមប្រភពទាំងនោះ ការបិទរោងចក្រនៅទីក្រុង Hanover, Zwickau, Emden និងទីតាំង Neckarsulm របស់ Audi នឹងធ្វើឱ្យការងារជាង ៤៥.០០០កន្លែង ប្រឈមនឹងហានិភ័យ។ នោះនឹងបន្ថែមទៅលើការកាត់បន្ថយចំនួន ៥០.០០០នាក់ ដែលត្រូវបានគ្រោងទុកនាពេលបច្ចុប្បន្ន។

សរុបមក ការបញ្ឈប់មនុស្សចំនួន ១០០.០០០ នាក់ និងការបញ្ឈប់រោងចក្រដំឡើងចំនួនបួន នឹងជាការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មរថយន្ត។

ប្រែសម្រួលៈ ណៃ តុលា 

To Top