អ្នកជំនាញក្នុងឧស្សាហកម្ម AI ព្រមានក្រុមប្រឹក្សាទីក្រុងញូវយ៉ក ខណៈរដ្ឋាភិបាលមូលដ្ឋានលើកយកក្តីបារម្ភ ផ្នែកសុវត្ថិភាពមកពិភាក្សា
ទីក្រុងញូវយ៉ក៖ អ្នកជំនាញ ក្នុងឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) បានព្រមានថ្នាក់ដឹកនាំទីក្រុងញូវយ៉ក អំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យា ដែលកំពុងលេចធ្លោមួយនេះ ដោយអំពាវនាវឱ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹង ខណៈដែលរដ្ឋាភិបាលមូលដ្ឋាន កំពុងចាត់វិធានការឆ្លើយតបទៅនឹងក្តីបារម្ភកាន់តែខ្លាំងឡើងថា ប្រព័ន្ធទាំងនេះអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងសវនាការរបស់ក្រុមប្រឹក្សាទីក្រុងញូវយ៉ក អតីតបុគ្គលិកដែលទើបតែចាកចេញពីក្រុមហ៊ុន Anthropic, OpenAI និង Google DeepMind បានរៀបរាប់ពីវប្បធម៌ការងារ ដែលខ្វះការប្រុងប្រយ័ត្ននៅតាមក្រុមហ៊ុនទាំងនោះ ដោយលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងប្រណាំង ប្រជែងគ្នាបង្កើតបច្ចេកវិទ្យា ដែលពួកគេផ្ទាល់ក៏មិនទាន់យល់ច្បាស់ពីរបៀបគ្រប់គ្រងវាផង។

លោក Jacob Coxon អតីតវិស្វករនៅក្រុមហ៊ុន Anthropic ដែលបានក្លាយជាសំឡេងដ៏សំខាន់ក្នុងការទាមទារឱ្យមានការគ្រប់គ្រងច្បាប់ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនទាំងនោះដំណើរការដោយផ្នត់គំនិតបែបក្រុមហ៊ុនទើបបង្កើតថ្មី (Startup) ពោលគឺ ‘ធ្វើសកម្មភាពឱ្យលឿន បង្កបញ្ហាសិន ចាំដោះស្រាយតាមក្រោយ’។ ផ្នត់គំនិតបែបនេះអាចមានប្រសិទ្ធភាពសម្រាប់កម្មវិធីចែករំលែករូបភាព ប៉ុន្តែវាមិនអាចអនុវត្តបានឡើយចំពោះការបង្កើតបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុត ដែលមិនធ្លាប់មានពីមុនមកនោះ»។
រដ្ឋាភិបាលរដ្ឋ និងទីក្រុងនានា កំពុងពិចារណាលើមធ្យោបាយនានាក្នុងការគ្រប់គ្រង AI ខណៈដែលរដ្ឋបាលលោក Trump ហាក់មិនសូវអើពើ ហើយសភាក៏មិនទាន់មានសកម្មភាពអ្វីឡើយ។ ប្រធានាធិបតី លោក Donald Trump បានច្រានចោលក្តីបារម្ភអំពី AI ដោយចាត់ទុកថាជា «រឿងបោកប្រាស់» ហើយកាលពីចុងខែមុន លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលបញ្ជាក់ពីវិធានការស្ម័គ្រចិត្តមួយចំនួនសម្រាប់ក្រុមហ៊ុននានាអនុវត្ត និងភាគច្រើនអនុញ្ញាតឱ្យពួកគេគ្រប់គ្រងវាដោយខ្លួនឯង។
លោក Coxon បានបញ្ជាក់ថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ន ខ្ញុំគិតថាវាមានលទ្ធភាពខ្ពស់ដែលមនុស្សជាតិនឹងបាត់បង់ការគ្រប់គ្រងលើបញ្ញាសិប្បនិម្មិតទាំងនេះ ហើយវាអាចឈានដល់ការផុតពូជរបស់មនុស្សជាតិ»។
ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Coxon បានលាលែងពីតំណែង និងបង្ហាញក្តីបារម្ភអំពីសេណារីយ៉ូដ៏អាក្រក់បំផុត នាយកប្រតិបត្តិជាន់ខ្ពស់មួយចំនួន រួមមានលោក Dario Amodei ប្រធានក្រុមហ៊ុន Anthropic លោក Sam Altman ប្រធានក្រុមហ៊ុន OpenAI និងលោក Elon Musk មកពីក្រុមហ៊ុន SpaceXAI សុទ្ធតែបានយល់ស្របថា ការអភិវឌ្ឍ AI ចាំបាច់ត្រូវតែបន្ថយល្បឿន。ក្រុមហ៊ុន AI ទាំងនោះបានរៀបរាប់លម្អិតអំពីវិធានការដែលពួកគេបានអនុវត្ត ដើម្បីផ្តល់អាទិភាពដល់សុវត្ថិភាព ប៉ុន្តែការបន្ថយល្បឿនរួមគ្នាក្នុងឧស្សាហកម្មនេះ នៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន។
ក្រុមតំណាងបុគ្គលិកក្រុមហ៊ុន AI ដែលមកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា OpenAI, Anthropic, Google និង Meta ក៏បានផ្តល់សក្ខីកម្មនៅក្នុងសវនាការនៅតំបន់ Manhattan កាលពីថ្ងៃចន្ទផងដែរ ដោយប្រាប់មន្ត្រីទាំងនោះថា ប្រព័ន្ធរបស់ពួកគេកំពុងជួយធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកាន់តែប្រសើរឡើង ហើយបានគូសបញ្ជាក់យ៉ាងច្បាស់ថា ពួកគេកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើសុវត្ថិភាព។
ប្រែសម្រួលល៖គីរី
