ត្រូវគេលក់ ៣ ដងក្នុងរយៈពេល ៤ ថ្ងៃ៖ ព័ត៌មានលម្អិតថ្មីជុំវិញករណីតារាសម្ដែងចិន Wang Xing ធ្លាក់ក្នុងសម្បុកឆបោកនៅមីយ៉ាន់ម៉ា
ប៉េកាំង៖ តារាសម្ដែងចិន លោក Wang Xing ត្រូវបានគេលក់បន្តរហូតដល់ ៣ ដង ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ បន្ទាប់ពីត្រូវបានគេជួញដូរឆ្លងដែនចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។ នេះបើតាមការលាតត្រដាងនៅក្នុងខ្សែភាពយន្តឯកសារថ្មីមួយរបស់រដ្ឋាភិបាលចិន ដែលបានបង្ហាញលម្អិតអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការបង្ក្រាបបណ្ដាញឆបោកទ្រង់ទ្រាយធំតាមបណ្ដោយព្រំដែន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
ខ្សែភាពយន្តឯកសារនេះក៏បានទម្លាយផងដែរថា អាជ្ញាធរចិនធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលត្រកូលឧក្រិដ្ឋជនដ៏មានឥទ្ធិពលនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាចំនួន ៣ លើក ឱ្យបញ្ឈប់សកម្មភាពខុសច្បាប់របស់ពួកគេ មុនពេលឈានដល់ការបើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំកាលពីឆ្នាំ ២០២៣។
ភាពយន្តឯកសារមាន ៣ ភាគ ដែលមានចំណងជើងថា «The Demise Of Telecom Fraud In Northern Myanmar» (ការដួលរលំនៃបទល្មើសឆបោកទូរគមនាគមន៍នៅភាគខាងជើងមីយ៉ាន់ម៉ា) ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV ចាប់ពីថ្ងៃចន្ទ (៥ តុលា) ដល់ថ្ងៃពុធ។ កម្មវិធីនេះត្រូវបានសហការផលិតឡើងដោយក្រសួងសន្តិសុខសាធារណៈចិន និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (China Media Group)។
រដ្ឋាភិបាលក្រុងប៉េកាំងបានដឹកនាំយុទ្ធនាការដាក់សម្ពាធអន្តរជាតិ ដើម្បីបង្ក្រាបសម្បុកឆបោកនានាដែលប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានកាត់ទោស និងរហូតដល់ប្រហារជីវិតសមាជិកបណ្ដាញឧក្រិដ្ឋកម្ម ដែលរងការចោទប្រកាន់ពីបទល្បួងពលរដ្ឋចិនទៅក្រៅប្រទេស រួចលក់ពួកគេចូលទៅកាន់ទីតាំងឆបោកទាំងនោះ។
ខ្សែភាពយន្តឯកសារនេះបានបង្ហាញព័ត៌មានលម្អិតថ្មីអំពីទុក្ខវេទនារបស់លោក Wang។ តារារូបនេះត្រូវបានគេល្បួងឱ្យទៅប្រទេសថៃ ក្រោមលេសថាមានការងារសម្ដែងភាពយន្ត មុនពេលត្រូវបានគេចាប់ពង្រត់ និងនាំខ្លួនឆ្លងដែនទៅកាន់ទីក្រុង Myawaddy ជាប់ព្រំដែនមីយ៉ាន់ម៉ា។
លោក Wang ដែលត្រូវបានគេស្គាល់តាមឈ្មោះសិល្បៈថា Xing Xing ធ្លាប់បានចូលរួមសម្ដែងក្នុងរឿងភាគទូរទស្សន៍ចិនជាច្រើន និងដើរតួបន្ទាប់បន្សំក្នុងខ្សែភាពយន្តល្បីៗ រួមទាំងរឿង Ip Man 3 ផងដែរ។ ការបាត់ខ្លួនរបស់លោកកាលពីឆ្នាំ ២០២៥ បានទាក់ទាញការចាប់អារម្មណ៍និងការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសចិន និងប្រទេសថៃ។
កាលពីចុងឆ្នាំ ២០២៤ លោក Wang បានប្រទះឃើញការប្រកាសជ្រើសរើសតួសម្ដែង (casting call) មួយនៅក្នុងគ្រុប WeChat ពីគណនីឈ្មោះ «Yan Shiliu» ដែលបានអះអាងថាខ្លួនជាជំនួយការអ្នកដឹកនាំរឿងកំពុងស្វែងរកតួសម្ដែង។
បន្ទាប់ពីបានដាក់វីដេអូសាកល្បងសម្ដែង (audition) រួចមក លោក Wang ត្រូវបានគេជូនដំណឹងយ៉ាងឆាប់រហ័សថាលោកត្រូវបានជ្រើសរើស។
ខ្សែភាពយន្តឯកសារបានបញ្ជាក់ថា ដើម្បីបង្កើតទំនុកចិត្តឱ្យកាន់តែច្បាស់លាស់ បុគ្គលឈ្មោះ Yan នោះថែមទាំងបានរៀបចំសំបុត្រយន្តហោះទៅមកពីសៀងហៃទៅបាងកក ព្រមទាំងកក់សណ្ឋាគារស្នាក់នៅឱ្យលោករួចជាស្រេចថែមទៀតផង។
លុះដល់ពេលលោក Wang ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi) ក្នុងទីក្រុងបាងកក នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ លោកក៏ត្រូវបានទទួលដោយអ្នកបើកបរម្នាក់ ដែលត្រូវបានរៀបចំទុកជាមុនដោយបុគ្គលឈ្មោះ Yan នោះ។
ប្រែសម្រួល៖ គីរី
