Feature

តម្លៃប្រេងបានធ្លាក់ចុះ បន្ទាប់ពីការលើកឡើងរបស់លោក ត្រាំ អំពីកិច្ចចរចាជាមួយអ៊ីរ៉ង់ទទួលបានលទ្ធផលល្អ

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈដែលការព្រួយបារម្ភអំពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ាបានថយចុះខ្លះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់នៅមុនការបោះឆ្នោតនៅខែក្រោយនោះទេ ដោយសារមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អក្នុងការបញ្ចប់ជម្លោះដែលបានបង្កផលប៉ះពាល់ដល់ទីផ្សារ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៧២ សេន ឬ ០,៧% មកនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ចំណែកតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៥២ សេន ឬ ០,៦% មកនៅត្រឹម ៩០,៩៧ ដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេង Brent នៅតែមាននិន្នាការកើនឡើងសម្រាប់សប្តាហ៍នេះ បន្ទាប់ពីបានបិទក្នុងកម្រិតខ្ពស់ជាងមុន ៤% កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការកើនឡើងនៃការវាយប្រហារលើនាវាដឹកប្រេងឆៅចេញពីមជ្ឈិមបូព៌ាកាលពីដើមសប្តាហ៍។ ចំណែកតម្លៃប្រេង WTI វិញ មាននិន្នាការធ្លាក់ចុះបន្តិចបន្តួចប្រចាំសប្តាហ៍ ទោះបីជាមានការរំខានដល់ការផ្គត់ផ្គង់ដោយសារព្យុះសង្ឃរាមួយកំពុងឆ្ពោះទៅកាន់ឆ្នេរសមុទ្រឈូងសមុទ្រម៉ិកស៊ិករបស់សហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេងធំជាងគេបំផុតរបស់ពិភពលោកក៏ដោយ។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនកំពុងមាន “កិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អ” ជាមួយអ៊ីរ៉ង់ និងបានបញ្ជាក់ថា មិនមានផែនការវាយប្រហារណាមួយមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៣ ខែវិច្ឆិកានោះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា លោកកំពុងពិចារណាលើការវាយប្រហារមុនពេលនោះ។

ប្រែសម្រួលៈ តុលា

To Top