នយោបាយ

សម្តេច ស ខេង បញ្ជាក់ថា ក្រុមបក្សប្រឆាំង នៅក្រៅប្រទេស មិនយល់ពីលទ្ធិប្រជាធិតេយ្យកម្ពុជា

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាក្រុមប្រឆាំង នៅក្រៅប្រទេស ដែលកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ចូលកម្ពុជា ប៉ុន្តែបរាជ័យនោះ គឺដើម្បីធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល ស្របច្បាប់ ដែលទង្វើរបស់ពួកគេ មិនបានយល់ពីលទ្ធិប្រជាធិបតេយ្យ។

ក្នុងសិក្ខាសាលា ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ នាព្រឹកថ្ងៃ១៥ វិច្ឆិកា សម្តេង ស ខេង បានថ្លែងថា កាលពីថ្ងៃបុណ្យឯករាជ្យជាតិ និងបុណ្យុអុំទូកមានអ្នកចង់មកបំផ្លាញសុខសន្តិភាពកម្ពុជា ដោយពួកគេបានបង្កើតព្រឹត្តិការណ៍មាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ដោយគៀងគរចលនា ប្រជាពលរដ្ឋដើម្បីទៅចាំស្វាគមន៍។ ប៉ុន្តែការស្វាគមន៍ និងចាំទទួលនេះ មិនមែនមកដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព ឬក៏អនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដូចចែងក្នុងរដ្ឋធម្មនុញ្ញននោះទេ ។

សម្តេច ស ខេង បន្តថា “ទង្វើរបស់ក្រុមប្រឆាំងនេះ មិនយល់ពីលទ្ធិប្រជាធិតេយ្យទេ ព្រោះពេលនេះរដ្ឋាភិបាលអាណត្តិទី៦ទើបបានជាង១ឆ្នាំបន្តិច តាមរដ្ឋធម្មនុញ្ញគឺ៥ឆ្នាំ ។ អាណត្តិរបស់រដ្ឋាភិបាល។ អីចឹងមានន័យថាថ្ងៃទី៩ វិច្ឆិកា នេះ មិនមែនជាថ្ងៃបោះឆ្នោតទេ ប៉ុន្តែគេយកថ្ងៃនេះ ដើម្បីមកអុកឡុកបំផ្លាញសុខសន្តិភាព ។

យ៉ាងណាក្តី រដ្ឋមន្រ្តីបានអះអាងថា ក្នុងក្របខណ្ឌលទ្ធិប្រជាធិតេយ្យ ការតស៊ូមតិ ដើម្បីអំណាចគឺជាគូប្រជែង ឬគូជំទាស់ដែលគេហៅជាបក្សប្រឆាំង។ តែបើបក្សប្រឆាំងមិនយល់ន័យពីការប្រឆាំងហើយបែរជាយកគ្នាឯងជាសត្រូវទៅវិញ ។ ដូច្នេះបើគេយកគ្នាឯងជាសត្រូវ ត្រូវតែកម្ទេច ៕ ដោយ ស សំណាង

To Top
×