នយោបាយ

លោក សម រង្ស៊ី ៖ តុលាការទំលាក់ចោល ការចោទប្រកាន់ លោក កឹម សុខា ដោយសារសម្ពាធអន្តរជាតិ

ភ្នំពេញ ៖ លោក សម រង្ស៊ី បានអះអាងថា ដោយសារតែកម្ពុជា មានសម្ពាធពីអន្តរជាតិនាពេលថ្មីនេះ ទើបបានជាតុលាការកម្ពុជា សម្រេចទំលាក់បទចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខា ។

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចបិទបញ្ចប់ ការស៊ើបសួរលើ លោក កឹម សុខា ក្រោយមានការចោទប្រកាន់ ពីបទក្បត់ជាមួយបរទេស។

មុនការលើកលែងការចោទនេះ លោក កឹម សុខា បានជួបឯកអគ្គរដ្ឋទូត មហាអំណាចជាបន្តបន្ទាប់។ ក្នុងនោះ ទូតអឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភ អំពីបទចោទលើលោកកឹម សុខា ផងដែរ។ ទាំងទូតអឺរ៉ុប និងអាមេរិក សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធការឃុំខ្លួន លោក កឹម សុខា។

ភ្លាមៗក្រោយចេញលិខិតពីតុលាការ លើកលែងការចោទប្រកាន់លោក កឹម សុខា លោក សម រង្ស៊ីបានលើកឡើង ក្នុងហ្វេសប៊ុកថា ព្រឹត្តិការណ៍នៅកម្ពុជា កំពុងតែដើរយ៉ាងលឿន ដោយសារតែការតស៊ូ របស់ប្រជារាស្ត្រខ្មែរ ពីខាងក្នុងប្រទេសផង និងដោយសារតែសម្ពាធអន្តរជាតិ ពីក្រៅប្រទេសផង។ ជាពិសេស សហភាពអឺរ៉ុប ទើបតែបានដាក់ឱសានវាទ ឲ្យបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យ ដំណើរការឡើងវិញ ឲ្យបានមុនថ្ងៃ ១២ ធ្នូ ២០១៩ នេះ។

លោកថា ដូច្នេះប្រជារាស្ត្រខ្មែរ ត្រូវតែបន្តធ្វើសកម្មភាព គ្រប់បែបយ៉ាង ដោយសន្តិវិធី ដើម្បីប្រាប់ទៅសហគមន៍អន្តរជាតិថា មិនព្រមទទួលទណ្ឌកម្មពីអន្តរជាតិ ព្រោះចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដើម្បីរក្សាឆ្នាំងបាយ របស់កម្មករប្រមាណ ៨ សែននាក់។

លោកបន្តថា “ខ្ញុំយល់ឃើញថា សម្ពាធអន្តរជាតិ ច្បាស់ជាមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ ពេលនេះ ពីព្រោះលោក ហ៊ុន សែន មិនហ៊ាន និងមិនអាចច្រានចោល ការទាមទារដ៏ត្រឹមត្រូវ របស់សហភាពអឺរ៉ុបទេ ។ ក្នុងនោះ មានការទម្លាក់ចោល ការចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខា និងសកម្មជន គណបក្សសង្គ្រោះជាតិទាំងអស់ ដែលត្រូវបានគេចាប់ខ្លួន ឬគំរាមកំហែង ក្នុងពេលថ្មីៗនេះ” ៕

To Top