នយោបាយ

នាយករដ្ឋមន្ត្រី បញ្ជាក់ច្បាស់ថា ព្រះមហាក្សត្រ មិនអាចព្រះរាជទាន លើកលែងទោស កឹម សុខា បើតុលាការមិនទាន់កាត់ទោស

ភ្នំពេញ ៖ ប្រតិកម្មតបទៅក្រុមអ្នកវិភាគ និងសកម្មជនអតីតបក្សប្រឆាំង ចំពោះករណី លោក កឹម សុខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងយ៉ាងច្បាស់ៗថា រឿងក្ដីរបស់លោក កឹម សុខា តុលាការគ្រាន់តែ បិទបញ្ចប់ការស៊ើបសួរ ដើម្បីបញ្ជូនទៅជំនុំជម្រះតែប៉ុណ្ណោះ មិនមែនរួចទោសនោះទេ ហើយព្រះមហាក្សត្រ ក៏មិនអាចប្រោសព្រះរាជទាន លើកលែងទោសឲ្យកើតនោះដែរ ដរាបណាតុលាការ មិនទាន់កាត់ទោសរួចរាល់ ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចបិទ ការស៊ើបសួរសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រោយដំណើរការនីតិវិធីជាង២ឆ្នាំ ។ បន្ទាប់ពីតុលាការ សម្រេចបិទបញ្ចប់ការស៊ើបសួរ លោក កឹម សុខា ក៏បានបន្តទាមទារ ឲ្យតុលាការទម្លាក់ចោល បទចោទប្រកាន់ទាំងស្រុងផងដែរ ។ ចំពោះករណីនេះ មានអ្នកវិភាគច្រើន អំពីការលើកលែងទោស ឲ្យអតីតមេបក្សប្រឆាំងនេះ។

ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោបានមានប្រសាសន៍ថា «ការបន្ធូរបន្ថយលក្ខខណ្ឌទៅលើមនុស្សម្នាក់ និងបិទការស៊ើបសួរ ដែលជានីតិវិធីរបស់តុលាការ ក៏ត្រូវបានយកទៅនិយាយថា បន្តិចទៀតមានសេរីភាពចេះ មានសេរីភាពចុះ ធើចេះ ធើចុះ អឺ!ប៉ាន់ស្មានខ្លួនឯងទៅ ក៏ប៉ុន្តែត្រូវចាំណា ដំណើរការក្ដីមួយនេះ ក៏មិនមែនត្រូវធ្វើមួយថ្ងៃ ពីរថ្ងៃ ១ខែ ឬ២ខែទេ គឺវាត្រូវប្រើរយៈពេលវែង រួចហើយមានខ្លះថា បន្តិចទៀតព្រះមហាក្សត្រ លើកលែងទោសហើយ ។ បើមិនទាន់កាត់ទោសផង តើព្រះមហាក្សត្រ មានទោសណាសម្រាប់លែង» ។

សម្ដេចបន្តថា សម្ដេចគ្រាន់តែជួយពន្យល់ ទៅមនុស្សមួយចំនួន ដើម្បីឲ្យបានយល់ច្បាស់ បើតុលាការមិនទាន់បានកាត់ទោស តើមានទោសឯណា សម្រាប់ការលើកលែង ។ សម្ដេចថា មានអ្នកខ្លះថា ប៉ុន្មានថ្ងៃទៀត ព្រះរាជក្រឹត្យនឹងចេញ រហូតដល់មានមនុស្សខ្លះទៀតថា ព្រះរាជក្រឹត្យលើកលែងទោស ឲ្យលោក កឹម សុខា នឹងចេញនៅថ្ងៃទី១៨ វិច្ឆិកានេះ ។

សម្ដេចតេជោបន្តទៀតថា មិនដឹងតុលាការកាត់ទោស ពេលណានោះទេ គ្រាន់តែបិទការស៊ើបសួរ ដើម្បីបញ្ជូនទៅជំនុំជម្រះ ហើយរឿងជំនុំជម្រះធ្វើពេលណានោះ ក៏មិនដឹងដែរ ។ សម្ដេចគ្មានសិទ្ធិ ទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការទេ ។

សម្ដេចបន្ថែមថា អ្នកវិភាគមួយចំនួន វិភាគខុស ដូច្នេះទើបសម្ដេចជួយកែតម្រូវ ហើយបើចង់បន្តវិភាគខុសតទៅទៀត សម្ដេចក៏មិនដឹងធ្វើម៉េចដែរ ។ សម្ដេចថា ពិបាកណាស់រឿងនយោបាយ សម្ដេចនិយាយពីនេះ ស្រាប់តែអ្នកវិភាគមួយចំនួន និយាយណាទៅណាវិញ ។ ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រី ក៏បានបញ្ចេញប្រតិកម្មតបទៅមេឧទ្ទាម សម រង្ស៊ី ដែលចោទប្រកាន់ថា សម្ដេចលួចកែសំបុត្រយន្តហោះ របស់ក្រុមហ៊ុន Thai Airways ។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ប៉ុន្តែសុំប្រាប់រឿងមួយ ពិភពលោកត្រូវមានការប្រុងប្រយ័ត្ន ចំពោះហ៊ុន សែន តែម្ដង ព្រោះ ហ៊ុន សែន មានសមត្ថភាព ចូលទៅកែសំបុត្រយន្តហោះ ។ ជាង១០ថ្ងៃមុនឮទេ ថ្ងៃទី៧ គេថារកឃើញហើយមុខចោរ ចូលទៅកែសំបុត្រយន្តហោះ ។ អីចឹងពិភពលោក ត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះបច្ចេកទេសរបស់ ហ៊ុន សែន អាច Hack ចូលទៅក្នុងកុំព្យូទ័រ របស់ក្រុមហ៊ុន Thai Airways» ។

សម្ដេចគូសបញ្ជាក់ថា បើអាចលួចចូលក្នុងកុំព្យូទ័រក្រុមហ៊ុន Thai Airways បានហើយ ក៏អាចលួចចូល ទៅគ្រប់ទីកន្លែងបានទាំងអស់ ៕ ដោយ៖ ខា ដា

To Top
×