នយោបាយ

រាជរដ្ឋាភិបាល ផ្តល់អាទិភាព រាល់ការអភិវឌ្ឍ នៅទូទាំងប្រទេស

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់រាល់ការអភិវឌ្ឍទាំងឡាយណា ដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្សធនធានធម្មជាតិ ដ៏មានតម្លៃ ។

ក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយ ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ គោលនយោបាយអេកូទេសចរណ៍ (២០១៩-២០៣០) នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា “រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាល តែងបានគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយ ដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្សធនធានធម្មជាតិដ៏មានតម្លៃទាំងឡាយ”។

សម្ដេចក៏បានរំលឹកថា រាជរដ្ឋាភិបាល ធ្លាប់បានលុបចោលគម្រោងសាងសង់ទំនប់វារីអគ្គិសនី ព្រមជាមួយការលុបចោលគម្រោងយករ៉ែទីតាញ៉ូម (Titanium) នៅតំបន់អារ៉ែង និងតំបន់ភ្នំក្រវ៉ាញ បើទោះបីជា ផលប្រយោជន៍សេដ្ឋកិច្ច ដែលនឹងទទួលបានពីគម្រោងទាំងពីរមានទំហំធំ និងរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដោយ ត្រូវរក្សាទុកតំបន់នេះ ជាគោលដៅទេសចរណ៍។

ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ រួមមាន ៖

ទី១- ក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការកំណត់តំបន់អេកូទេសចរណ៍អាទិភាព។

ទី២-ខណៈសហគមន៍ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្មមានរហូតដល់ជាង ២.៣០០ កន្លែង ប៉ុន្តែសហគមន៍ដែលមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ មានចំនួនតែប្រមាណ ១២៥ កន្លែងប៉ុណ្ណោះ។

ទី៣- ស្នើឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ត្រូវសហការជាមួយ ក្រសួងសាធារណៈការ ក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈអភិបាលរាជធានី-ខេត្ត ដើម្បីពិនិត្យ លទ្ធភាពក្នុងការសាងសង់ផ្លូវភ្ជាប់ ទៅគោលដៅសហគមន៍ទេសចរណ៍អាទិភាព។ ស្នើឲ្យក្រសួងរ៉ែ និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការសិក្សាលម្អិតអំពីលទ្ធភាពក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងតម្លៃទាបជាងទីផ្សារសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍។

ទី៤-ដើម្បីជំរុញការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសហគមន៍ទេសចរណ៍ និងអេក្ខទេសចរណ៍ រដ្ឋមន្ដ្រីមហាផ្ទៃ គាំទ្រឲ្យមានការរៀបចំវេទិកាជាតិលើកទី២នៅឆ្នាំ២០២០ និងជារៀងរាល់ឆ្នាំ និងគាំទ្រឲ្យស្នើសុំ រាជរដ្ឋាភិបាល រៀបចំទិវាជាតិអេកូទេសចរណ៍ប្រចាំឆ្នាំ ដោយកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ជាថ្ងៃដែលរាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ គោលនយោបាយជាតិ អេកូទេសចរណ៍។

ទី៥- ដើម្បីជំរុញការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឲ្យបានទូលំទូលាយ រដ្ឋមន្ដ្រីមហាផ្ទៃជំរុញលើកទឹកចិត្តស្នើឲ្យវិស័យឯកជន ជាពិសេសទីភ្នាក់ងារទេសចរណ៍ទាំងអស់រៀបចំខ្សែទស្សនកិច្ចនិងនាំភ្ញៀវទេសចរឲ្យបានច្រើនទៅកាន់សហគមន៍ទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស។

ទី៦-ខណៈការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ៕ ដោយ ៖ អេង ប៊ូឆេង

To Top