នយោបាយ

មនុស្សជំនិត៖ ទំនាក់ទំនងអន្តរជាតិ របស់លោកកឹម សុខា ដើម្បីប្រទេសនិងពលរដ្ឋ

ភ្នំពេញ ៖ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានលើកឡើងថា ចំពោះទំនាក់ទំនងអន្តរជាតិ របស់លោក កឹម សុខា គឺធ្វើឡើងដើម្បីជាតិ ពោល ដើម្បីប្រទេសនិងប្រជាពលរដ្ឋ ។

ការថ្លែងនេះ ក្រោយបញ្ចប់ជំនួបរវាងលោក កឹម សុខា លោក Philippe Kridelka ឯកអគ្គរាជទូតបែលហ្សិក និងលោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ដែលមានស្ថានឯកអគ្គរដ្ឋទូត នៅទីក្រុងបាងកក ទទួលបន្ទុកថៃ កម្ពុជា និងមីយ៉ាន់ម៉ា នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក មុត ចន្ថា បានលើកឡើងក្នុងហ្វេសប៊ុកថា បំណងប្រាថ្នាធំពីររបស់លោក កឹម សុខា ក្នុងជីវភាពនយោបាយ គឺទី១-ចង់ឲ្យពលរដ្ឋខ្មែរ មានជីវភាពរស់នៅល្អប្រសើរ រស់នៅដោយថ្លៃថ្នូរនិងកិត្តិយស និង ២- ចង់ឲ្យមានការគោរព និងការពារសិទ្ធិមនុស្ស របស់ប្រជាពលរដ្ឋខ្មែរ ។

ពាក់ព័ន្ធនឹងឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលជាសមាជិកសហភាពអឺរ៉ុបលោកថា “ពួកគាត់បានសម្តែងការគួរសម សួរសុខទុក្ខ និងសំណេះសំណាល ជាមួយឯកឧត្តម កឹម សុខា ដើម្បីផ្លាស់ប្តូរយោបល់គ្នា អ្វីដែលមានសារសំខាន់ និងប្រយោជន៍ដល់ប្រទេស និងប្រជាពលរដ្ឋខ្មែរ” ។

ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត នៃប្រទេសទាំងពីរ បានកោតសរសើរលោក កឹម សុខា អំពីភាពជាគំរូក្នុងការតស៊ូ ដោយអត់ធ្មត់ អហិង្សា និងសន្តិវិធី ៕

To Top
×