ព័ត៌មានជាតិ

មនុស្ស២នាក់ បានស្លាប់និង ១៥ នាក់ត្រូវបានជួយសង្គ្រោះ ចេញពីគំនរបាក់ រលំសាលាឆាន់

ភ្នំពេញ ៖ ករណីបាក់រលំព្រះវិហារសាលាឆាន់ កាលពីរសៀលម៉ោង៣ ថ្ងៃទី ២ ខែឆ្នូ ឆ្នាំ២០១៩ ជនរងគ្រោះដែលកប់នៅ ក្នុងគំនរសំណង់សាលាឆាន់ ត្រូវបានកម្លាំងជំនាញ ជួយសង្គ្រោះជនរងគ្រោះ បាន១៥នាក់ និង២នាក់ទៀតត្រូវបានស្លាប់ បាត់បង់ជីវិត។ ហេតុការណ៍បាក់រលំសាលាឆាន់ កំពុងសាងសង់ថ្មី ស្ថិត នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប។

បច្ចុប្បន្នកម្លាំងជំនាញរួមជាមួយនឹងគ្រឿង ចក្រជាច្រើនគ្រឿង នៅតែបន្តរើកកាយគំនរ ដែលបានរលំ ដើម្បីស្វែងរកជនរងគ្រោះបន្តទៀត យ៉ាងយកចិត្តទុកដាក់។

តាមការបញ្ជាក់ពីលោក អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ជនរងគ្រោះត្រូវបានជួយសង្គ្រោះបាន ១៥នាក់ ប៉ុន្តែ២នាក់បានស្លាប់។

តែទោះជាយ៉ាងណាជនរងគ្រោះ ២នាក់ដែលបានស្លាប់ត្រូវ បានគេស្គាល់អត្តសញ្ញាណ ទី១៖ឈ្មោះ លី សំណាង ភេទប្រុស អាយុ២៥ឆ្នាំ និងទី២៖ឈ្មោះ យិន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ។

គិតត្រឹមម៉ោងជាង ៥ ល្ងាចនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្សចេញពីគំនរសាលាឆាន់៕

To Top