ព័ត៌មានជាតិ

អភិបាលព្រះសីហនុ ជំរុញឲ្យមន្ទីរពាក់ព័ន្ធរួមគ្នា រៀបចំបោះបង្គោល កំណត់និយាមការ ទីតាំងអូរប្រឡាយ ចំនួន៥ខ្សែ

ភ្នំពេញ៖លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៍ដូចជាមន្ទីរដែនដីត្រូវសហការគ្នា រៀបចំបោះបង្គោលកំណត់និយាមការទីតាំងអូរ ប្រឡាយចំនួន៥ខ្សែ ដើម្បីឲ្យងាយស្រួល ដល់ក្រុមការងារដាក់គ្រឿងចក្រចុះកាយ ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សា។

គម្រោងការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ មានប្រវែង ២៦,៥៩៧គីឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ ក្នុងនោះរួមមាន៖ អូរប្រឡាយអូរឈើទាល មានអូរតូច ៥ផ្សេងទៀត ប្រវែងសរុប ១៦.៦៣០ម៉ែត្រ , អូរ ប្រឡាយ អូរអេម៉ារីយូ មានប្រវែង ១.៩០០ម៉ែត្រ , អូរ ប្រឡាយ អូរសំអាត ប្រវែង ៣.៧៧៥ម៉ែត្រ , អូរ ប្រឡាយស្ពានឆេះ ប្រវែង ១.១៧០ម៉ែត្រ , អូរ ប្រឡាយ អណ្តូងអ៊ុនតាក់ ប្រវែង ៣.១១៦ម៉ែត្រ ដើម្បីធ្វើការស្តារ រំដោះយកចំណីអូរ ប្រឡាយមកវិញ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំ ស្តីពីការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ ក្នុងក្រុងព្រះសីហនុ លោកគួច ចំរើនបានថ្លែងថា “ខ្ញុំសូមជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ទីរដែនដី ត្រូវសហការគ្នា រៀបចំបោះបង្គោល កំណត់និយាមការទីតាំងអូរ ប្រឡាយទាំង ៥ខ្សែ ដើម្បីឱ្យក្រុមការងារ ចុះការស្តារអូរ ប្រឡាយ មានភាពងាយស្រួល “។

លោកបន្តថា ពិសេសអាជ្ញាធរក្រុង ត្រូវចូលរួមសហការ ចុះបាញ់ថ្នាំ និងអប់រំឱ្យប្រជាពលរដ្ឋ រុះរើសំណង់ទាំងឡាយណា ដែលប៉ះពាល់ការងារស្តារអូរប្រឡាយ ដើម្បីឲ្យងាយស្រួល ដល់ក្រុមការងារដាក់គ្រឿងចក្រចុះកាយ ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ ។

លោកអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្ត កំពុងមានការមមាញឹក ក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ។ ដូច្នេះប្រព័ន្ធអូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ ក៏ត្រូវធ្វើការស្តារឡើងវិញជាមួយគ្នា ដើម្បីចញ្ចៀសនូវជំនន់ទឹកភ្លៀង កុំឱ្យជន់លិចក្នុងរដូវវស្សា នៅឆ្នាំ២០២០ខាងមុខ។

សូមបញ្ជាក់ថា ការស្តាអូរប្រឡាយទាំង ៥ខ្សែខាងលើ គ្រោងនឹងបើកការដ្ឋាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕ ដោយ៖ធី លីថូ

To Top