ព័ត៌មានជាតិ

កម្ពុជានឹងបញ្ជូនរបាយការណ៍ ទៅ EU រឿង EBA យ៉ាងយូរត្រឹមថ្ងៃ១២ ធ្នូ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ គឺជាថ្ងៃកំណត់ ដែលសហភាពអឺរ៉ុប(EU) បានទុកឱកាសឲ្យកម្ពុជា បញ្ចេញប្រតិកម្មតប មុននឹង EU សម្រេចផ្អាកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ(EBA) ជាបណ្តោះអាសន្នពីកម្ពុជា ប៉ុន្តែសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជានឹងរៀបចំរបាយការណ៍ ដាក់ទៅសហភាពអឺរ៉ុប ជុំវិញករណីនេះយ៉ាងយូរបំផុត ត្រឹមថ្ងៃ១២ ធ្នូដដែលនោះ ។

គណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលពីថ្ងៃ១២វិច្ឆិកាដល់១២ធ្នូ។

យោងតាមគេហទំព័រ របស់គណៈកម្មការអឺរ៉ុប បានឲ្យដឹងថា “អនុលោមតាមវិធាន មានចែងក្នុងបទប្បញ្ញត្តិ ស្តីពីគម្រោងអនុគ្រោះពន្ធទូទៅ របស់សហភាពអឺរ៉ុបបច្ចុប្បន្នកម្ពុជា មានរយៈពេល១ខែ ដើម្បីប្រតិកម្ម ចំពោះរបាយការណ៍បឋមនេះ ។ បន្ទាប់មកគណៈកម្មការ នឹងបញ្ចប់របាយការណ៍ និងធ្វើការសំរេចចិត្តនៅខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីថាតើ ត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា ជាបណ្តោះអាសន្ន ឬយ៉ាងណា?” ។

គោលបំណងនៃនីតិវិធី ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេលសហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយ អាជ្ញាធរកម្ពុជាកែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ។

ឆ្លើយតបទៅក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ សម្តេច ស ខេង បានថ្លែងថា “យើងនឹងឆ្លើយ ប៉ុន្តែតាមពេលវេលា ដូចជា យ៉ាងយូរថ្ងៃ១២ ធ្នូ “។

សម្ដេចគូសបញ្ជាក់ថា ចំពោះក្រសួងមហាផ្ទៃ បានបញ្ជូនរបាយការណ៍រួចរាល់ហើយ ទៅក្រសួងការបរទេស ប៉ុន្តែសម្រាប់ក្រសួងនានា ដែលពាក់ព័ន្ធវិញ ក៏ប្រហែលជាបញ្ជូនទៅរួចដែរ ដើម្បីរៀបចំជាប្រព័ន្ធដាក់បញ្ជូន ទៅសហភាពអឺរ៉ុប ៕ ដោយ៖ធី លីថូ

To Top