ព័ត៌មានជាតិ

ក្រសួងការបរទេស ប្រតិកម្ម ចំពោះស្ថាប័នហិរញ្ញវត្ថុ អាមេរិក ដែលដាក់ទណ្ឌកម្ម លើពលរដ្ឋខ្មែរ (វីដេអូ)

ភ្នំពេញ៖ ក្រោយពីស្ថាប័នហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ទៅលើប្រជាពលរដ្ឋខ្មែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្ដីថ្លែងការណ៍ សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការកំណត់ជ្រើសរើស ដោយបំពាននូវជនជាតិកម្ពុជា ដែលបំរើការងាររដ្ឋ និងក្នុងផ្នែកឯកជន ក្រោមច្បាប់សាកលម៉ានីតស្គី (Global Magnitsky Act) របស់អាមេរិក។

យោងតាមការ ចេញផ្សាយ របស់ VOA នារាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា “ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្ម សេដ្ឋីកម្ពុជាម្នាក់ និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជាម្នាក់ព្រមទាំងក្រុមគ្រួសារ ដោយចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និង ប្រព្រឹត្តអំពើពុករលួយ” ។

VOA បន្តថា “ តាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានរៀបរាប់ថា ឧកញ៉ា ទ្រី ភាព បានប្រើប្រាស់បណ្តាញដ៏ធំ របស់គាត់នៅកម្ពុជា ដើម្បីបង្កើតក្រុមហ៊ុន ឈើហ៊ុនខុសច្បាប់ ដ៏ធំដោយឃុបឃិត ជាមួយនឹងមន្ត្រីកម្ពុជា ក្នុងនោះ មានការទិញការ ការពារ ពីរដ្ឋាភិបាល ដែលមានក្រុមយោធាជាដើម ដើម្បីការពារ សកម្មភាពលក់ដូរ ផលិតផលខុសច្បាប់‍ ។ ចំណែក នាយឧត្តមសេនីយ៍ គន់ គីម បានប្រើប្រាស់កងកម្លាំង ខេមរភូមិន្ទ ទៅគំរាមកំហែង កម្ទេចផ្ទះ និងឈូសឆាយដី តាមការចង់បានរបស់ក្រុមហ៊ុនចិន” ។

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ធ្នូនេះ បានបញ្ចេញប្រតិកម្មថា” ទង្វើនេះធ្វើអោយមានការស្រងាកចិត្តយ៉ាងខ្លាំង នៅពេលដែលបុគ្គលសាធារណៈ របស់ប្រទេសមួយ ត្រូវបានក្លាយទៅជាកម្មវត្ថុ នៃវិធានការទណ្ឌកម្ម របស់ប្រទេសដទៃផ្សេងទៀត ដោយផ្អែកលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពទាល់តែសោះ ចំពោះភាពឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់ប្រទេសមួយ។ ប្រការនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍អន្តរជាតិ ស្តីពីគោលការណ៍ស្មើភាព នៃអធិបតេយ្យនិងគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ដូចមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដទៃផ្សេងទៀត”។

ក្រសួងការបរទេសបញ្ជាក់ថា “បទបញ្ជាប្រតិបត្តិនេះ គឺជាការវាយប្រហារ ប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការផ្ញើសារទៅវិញទៅមក នាពេលថ្មីៗនេះ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាព កម្ពុជា ហើយមានបំណងដ៏មុតមាំ ក្នុងការលើកស្ទួយទំនាក់ទំនងទ្វេរភាគី ដោយឈរលើការគោរពគ្នាទៅវិញទៅមក”។

ក្រសួងការបរទេសអះអាងថា នាយឧត្តមសេនីយ៍ គន់ គីម ត្រូវបានទទួលស្គាល់ជាសាធារណៈ ចំពោះការរួមចំណែកយ៉ាងច្រើន ក្នុងការការពារ និងថែររក្សាសុខសន្តិភាព ស្ថេរភាព និងសណ្តាប់សង្គម ហើយលោក ឧកញ៉ា ទ្រីភាព ក៏បានដើរតួនាទីដ៏សកម្ម ក្នុងការទ្រទ្រង់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ៕

ដោយ៖ ខា ដា

To Top