នយោបាយ

Full Story៖នាយករដ្ឋមន្រ្តី ៖ ការបង់ថ្លៃសេវាព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត គឺយកពីអ្នកមាន មកជួយអ្នកក្រ

ភ្នំពេញ ៖ ខណៈមន្ទីរពេទ្យកាល់ម៉ែត តែងតែយកថ្លៃព្យាបាល មានកម្រិតខ្ពស់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើការបកស្រាយចម្ងល់ របស់ប្រជាពលរដ្ឋមួយចំនួន ដើម្បីកុំឲ្យមានការងើយឆ្ងល់បន្តទៀត ។

សម្តេចតេជោអះអាងថា មន្ទីរពេទ្យកាល់ម៉ែត គឺបានយកថវិកាពីអ្នកមានលទ្ធភាព យកមកជួយអ្នកគ្មានលទ្ធភាព ដូច្នេះយកមន្ទីរពេទ្យ ចិញ្ចឹមមន្ទីរពេទ្យ ។

សម្ដេចតេជោ បកស្រាយបែបនេះ ក្រោយពីមានពលរដ្ឋមួយចំនួន ចូលខំមិនក្នុងផេកហ្វេសប៊ុករបស់សម្ដេច ដោយសួរថា ហេតុអ្វីមន្ទីរពេទ្យកាល់ម៉ែត មានសប្បុរសជនចូលថវិកា ជួយយ៉ាងច្រើន ប៉ុន្តែ មន្ទីរពេទ្យនៅតែយកថវិកាពីអ្នកជំងឺទៀត ?

មន្ទីរពេទ្យកាល់ម៉ែត បានដើរតួនាទីជាមជ្ឈមណ្ឌល នៃការពិនិត្យព្យាបាលជំងឺ ពហុឯកទេស រួមមាន ៖ វះកាត់ខួលក្បាល , វះកាត់បេះដូង , ឡាស៊ែរបាញ់ជំងឺមហារីក និងព្យាបាលជំងឺផ្សេងៗទៀត ផងដែរ ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) នៅថ្ងៃ១១ ធ្នូ សម្ដេចតេជោ បានពន្យល់ថា មន្ទីរពេទ្យកាល់ម៉ែត បានធ្វើជាសហគ្រាសសាធារណៈ តាំងពីចុងទស្សវត្សរ៍១៩៩០។

សម្ដេចតេជោបានថ្លែងថា “មានអ្នកចូលខំមិនថា បើរដ្ឋផ្ដល់លុយចឹង ម៉េចក៏ចាំយកលុយពីអ្នកជំងឺ? ខ្ញុំសូមធ្វើការបកស្រាយ ជូនប្រជាពលរដ្ឋយើងឲ្យបានដឹង អំពីសហគ្រាសសាធារណៈ ហើយនិយាយឲ្យចំ មន្ទីរពេទ្យកាល់ម៉ែត ទទួលបន្ទុកព្យាបាលមនុស្ស៤ប្រភេទ រួមមាន ៖ ទី១-អ្នកក្រីក្រ ដែលមានប័ណ្ណក្រីក្រ ព្យាបាលអត់បង់លុយទេ , ទី២-អ្នកកាន់ប័ណ្ណ សមធម៌ , ទី៣-អ្នកកាន់ប័ណ្ណបេឡាជាតិសន្ដិសុខសង្គម ហើយទាំងហ្នឹង៣ប្រភេទនេះ គឺអត់យកលុយទេ ចំណែកទី៤-អ្នកមានលទ្ធភាព គឺបង់លុយ” ។

សម្ដេចបន្ដថា “ចឹងបានសេចក្ដីថា មន្ទីរពេទ្យកាល់ម៉ែត ត្រូវប្រើប្រាស់សេវានៅក្នុងហ្នឹង យកមន្ទីរពេទ្យ ចិញ្ចឹមមន្ទីរពេទ្យ ។ ចឹងយកពីអ្នកដែលមានលទ្ធភាពបង់ យកទៅជួយដល់អ្នកដែល៣ប្រភេទខាងលើ”។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា នឹងរៀបចំបច្ចេកទេស នៅមន្ទីរពេទ្យកាល់ម៉ែត វិញម្តង ដោយបញ្ចប់ការព្យាបាលនៅសិង្ហបុរី។ សម្ដេចថា មន្ទីរពេទ្យកាល់ម៉ែត ក៏មានកន្លែង ព្រះមហាក្សត្រ និងកន្លែងឥស្សរជនជាន់ខ្ពស់ផងដែរ។

បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីបញ្ជាក់ថា គិតមកត្រឹមថ្ងៃ៨ ធ្នូ ថវិកាដែលសប្បុរសជនចូលរួម ក្នុងមន្ទីរពេទ្យកាល់ម៉ែត ជាង៧២លានដុល្លារ ព្រមទាំងថវិការដ្ឋផ្ដល់ឲ្យ ចំនួន៣០លានដុល្លារ ដើម្បីកសាងអគារមន្ទីរថ្មី មានកម្ពស់១២ជាន់ ។ ចំណែកជាន់ក្រោមដី២ជាន់ គ្រោងចំណាយថវិកា ជិត៤០លានដុល្លារ។ ប៉ុន្ដែ មន្ទីរពេទ្យកាល់ម៉ែត បានរកថវិកាខ្លួនឯង បាន៧លានដុល្លារ។

ការប្រកាសឲ្យសប្បុរសជន ចូលរួមកសាងមន្ទីរពេទ្យកាល់ម៉ែតនេះ បន្ទាប់ពីម្តាយក្មេកសម្តេច បានចូលសម្រាកព្យាបាលនៅទីនេះ ។ បន្ទាប់ពីឃើញការសាងសង់ សម្តេចក៏បានឲ្យសប្បុរសជន ចូលរួមឧបត្ថម្ភថវិកា៕ ដោយ៖ អេង ប៊ូឆេង

To Top
×