នយោបាយ

Full Story ៖ ក្រៅពីចូលរួមប្រជុំ អាមេរិក-អាស៊ាន នៅឆ្នាំ២០២០ សម្តេចតេជោនឹងវាយកូនហ្គោលជាមួយ លោក ត្រាំ

ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា(CUS) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នឹងអញ្ជើញ ទៅចូលរួមកិច្ចប្រជុំ អាមេរិក-អាស៊ាន នៅឆ្នាំ២០២០ និងចង់វាយកូនហ្គោល ជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។

ក្រោយពីលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានផ្ញើលិខិត២ច្បាប់មកសម្ដេចតេជោ កាលពីពេលថ្មីៗ អំពីទំនាក់ទំនង និងអញ្ជើញសម្តេច ចូលរួមប្រជុំអាស៊ាន-អាមេរិកនោះ សម្តេចតេជោ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានផ្ញើលិខិតតបទៅនឹងលោក ដូណាល់ត្រាំ ផងដែរ ដែលខ្លឹមសារលិខិតរបស់សម្តេច បានបញ្ជាក់អំពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅ រវាងប្រទេសទាំងពីរ។

ក្នុងលិខិតសម្ដេចបញ្ជាក់ថា សម្ដេចមានបំណងដ៏ជ្រាលជ្រៅ ក្នុងការជំរុញទំនាក់ទំនងបន្ថែមទៀត និងទទួលយកការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅ នៅត្រីមាសទី១ ឆ្នាំ២០២០ នៅអាមេរិក។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនោះ សម្តេចតេជោបានថ្លែងបន្តថា មានអ្នកខ្លះ គ្រាន់តែឃើញប្រធានាធិបតីអាមេរិក សរសេរសំបុត្រមកឲ្យសម្តេច ទៅគេវិភាគថា ដូណាល់ត្រាំ កំពុងសង្កត់ក ហ៊ុន សែនទៅវិញ ឱព្រះអើយព្រះ អីចឹងបានថា ពួកគេអត់បានមើលលិខិត ដែលលោកត្រាំ សរសេរមកសម្តេច ឲ្យបានច្បាស់លាស់ទេ ។

សម្តេចនាយករដ្ឋមន្រ្តីអះអាងថា កម្ពុជាបានចេញមុខមុនគេ ក្នុងការគាំទ្រ ការប្រជុំអាស៊ាន-អាមេរិក នៅប្រទេសអាមេរិក ។

សម្តេចបន្តថា “ខ្ញុំត្រៀមប្រដាប់វាយកូនហ្គោលទៅហើយ ព្រោះលោកត្រាំ ពូកែវាយកូនហ្គោល។ ចង់ឬមិនចង់ខ្ញុំទៅអាមេរិកលើកនេះ ខ្ញុំទៅវាយកូនហ្គោលឲ្យបាន ព្រោះទៅអាមេរិកច្រើនដងហើយ អត់បានវាយកូនហ្គោល។ បើបានវាយជាមួយត្រាំ បើត្រាំមានពេល ។ បើទៅពីអាស៊ានមាន២គឺខ្ញុំ និងថង់លន់ នាយករដ្ឋមន្រ្តីឡាវ ដែលវាយកូនហ្គោល” ។

នាយករដ្ឋមន្រ្តីបន្ថែមថា “អាបេទៅថា ធ្លាប់វាយកូនហ្គោលជាមួយត្រាំថា ត្រាំគាត់វាយខ្លាំង ។ អញទៅលេងកូនហ្គោលជាមួយត្រាំ អញទៅប្រជុំជាមួយត្រាំ រឿងអីត្រាំមកសង្កត់ ក ហ៊ុន សែន អានេះនិយាយទៅតែផ្តាស”៕

To Top
×