ព័ត៌មានជាតិ

ក្រសួងសាធារណការ បង្ហាញវិធាន ជួយជនរងគ្រោះចរាចរណ៍ និងហាននិភ័យបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង

ភ្នំពេញ ៖ ក្រសួងធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកបណ្តុះបណ្តាលស្តីពី ការបើកបរប្រកបដោយសុវត្ថិភាព វិធានការជួយសង្គ្រោះ ជនរងគ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។

លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចំបង ដែលទាមទារឲ្យមានការដោះស្រាយបន្ទាន់។ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ លើពិភពលោកនៅតែមានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាងខ្លាំង ដែលមានចំនួនប្រមាណ ១,៣៥លាននាក់ជារៀងរាល់ឆ្នាំ ។

លោកបន្ថែមថា គ្រោះថ្នាក់ចរចរណ៍ បានក្លាយជាបញ្ហាចម្បងទី១ ក្នុងសកលលោក ដោយបានឆក់យកជីវិតមនុស្ស ចន្លោះពីអាយុ៥-២៩ឆ្នាំ ហើយប្រមាណ៥០% នៃអ្នកស្លាប់គឺជាអ្នកបើកបរទោចក្រយានយន្ដ អ្នកថ្មើរជើង និងអ្នកជិះកង់ ។

តាមរបាយការណ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកបង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៩៨៨លើក បណ្តាលឲ្យមានអ្នកស្លាប់ ចំនួន៤៨៨នាក់ និងរបួសចំនួន១,៤៩៤នាក់។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ មានចូលរួមពីក្រុមហ៊ុន HONDA អង្គការខេម សែហ្វ ជាមួយដៃគូសំខាន់នានា រួមសហការរៀបចំឡើងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលដ៏សំខាន់ទាំងនេះ ឡើងផ្ដោតសំខាន់លើអ្នកប្រើប្រាស់ផ្លូវ ដែលងាយរងគ្រោះ ដូចជាយុវជន អ្នកបើកបរទោចក្រយាន្ដយន្ដ៕ ដោយ ៖​ស សំណាង

To Top