ព័ត៌មានជាតិ

អាវុធហត្ថរាជធានី ភ្នំពេញ ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធករណី លួចរថយន្ត

ភ្នំពេញ៖ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង១៥ និង ៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១១ ស្ថិតក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត១គ្រឿងម៉ាក HYUNDAI MIGHTY (ប្រភេទដឹកទំនិញ ២.៥តោន)ពណ៍ស ផលិតឆ្នាំ២០០៥ ។

ការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខា ស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ ដែលបានបាត់រថយន្តដូចភិនភាគខាងលើកាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រកាណាឌីយ៉ា ម្តុំលក់ទឹកត្នោតជូរ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមវិធានការជំនាញរបស់ អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ អែម ចាន់ឌី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នសា្នក់នៅបន្ទប់ជួល ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានលួចយករថយន្តខាងលើ ពិតប្រាកដមែន ដោយធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ នៅពេលលួចបាន ខ្លួនបានយករថយន្តខាងលើមកផ្លុងចោល នៅដីទំនេរមួយកន្លែង ខាងកើតវត្តអង្គតាមិញ។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបាន បញ្ជូនទៅការិយាល័យស្រាវជ្រាវ បទល្មើស ព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោស តាមនីតិវិធីច្បាប់ ៕

To Top