ព័ត៌មានជាតិ

អតីតមន្ត្រីគាំទ្របក្សប្រឆាំង គ្រោងបង្កើតគណបក្សថ្មី

ភ្នំពេញ ៖ អតីតមន្ត្រីគាំទ្របក្សប្រឆាំង៨រូប គ្រោងបង្កើតគណបក្សថ្មីមួយ ដើម្បីជួយទាមទារសិទ្ធិសេរីភាព លោក កឹម សុខា ។

សម្រាប់លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានថ្លែងថា “អ្នកមានបំណងបង្កើតបក្សថ្មី គួរលើកពីគោលការណ៍ និងគោលនយោបាយជួយជាតិ កុំព្យាយាមភ្ជាប់ ជាមួយឈ្មោះរបស់អ្នកដទៃ”។

ករណីនេះដែរ ត្រូវបានលោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់ បក្សសង្រ្គោះជាតិអះអាងថា មូលហេតុពួកគេបង្កើតបក្សនេះឡើង ព្រោះធុញទ្រាន់ នឹងស្ថានភាពនយោបាយបច្ចុប្បន្ន។ ប៉ុន្តែទោះបីជាយ៉ាងណា លោកអះអាងថា មិនទាន់ដល់ពេលបង្កើតគណបក្សថ្មី ដើម្បីប្រកួតប្រជែងជាមួយ គណបក្សកាន់អំណាច ព្រោះករណីលោក កឹម សុខា មិនទាន់ដឹងពីលទ្ធផលច្បាស់លាស់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះហត្ថលេខាដោយ អតីតមន្ត្រីបក្សប្រឆាំងចំនួន៨រូប ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារមើលឃើញ ស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន មានការធ្លាក់ចុះសំឡេង ដែលមាននិន្នាការ ប្រឆាំងនឹងគណបក្សកាន់អំណាច និងការបែកបាក់យ៉ាងខ្លាំង រវាងក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យ ក្នុងនាមជាអ្នកប្រជាធិបតេយ្យនិយម និងជាអ្នកមានបំណង ស្រោចស្រង់ស្មារតីនៃការសាមគ្គីគ្នាផ្ទៃក្នុង របស់ក្រុមអ្នកដែលមានទស្សន ប្រឆាំងនៅកម្ពុជា យើងខ្ញុំបន្ទាប់ពីបានចុះជួបសកម្មជន នៅតាមខេត្តជាច្រើន អស់រយៈពេលជិតមួយឆ្នាំនេះ យើងខ្ញុំនឹងត្រៀមរៀបចំ បង្កើតគណបក្សថ្មីមួយ ដែលជាគណបក្សបន្តវេន ពីគណបក្សប្រឆាំងមុនៗ និងពីអ្នកទាំងឡាយណា ដែលមានទស្សនៈមិនស្របនឹងការដឹកនាំ របស់គណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្ន» ។

អតីតក្រុមអ្នកគាំទ្របក្សប្រឆាំងនេះ ក៏អំពាវនាវឲ្យអ្នកស្នេហាជាតិទាំងអស់ ចូលមករួបរួមកម្លាំង ក្នុងបុព្វហេតុនៃការបង្កើតគណបក្សថ្មី ឲ្យក្លាយជាគណបក្សប្រឆាំងរឹងមាំ ដើម្បីការពារ និងបម្រើផលប្រយោជន៍ជាតិពិតប្រាកដ របស់អ្នកគាំទ្របក្សកន្លងមក ។

សេចក្តីប្រកាសព័ត៌មានលើកឡើងទៀតថា គណបក្សប្រឆាំងថ្មីនេះ ជាយន្តការនយោបាយ មួយសម្រាប់ចរចា ជាមួយគណបក្សកាន់អំណាច ដើម្បីទាមទារសិទ្ធិសេរីភាព របស់លោក កឹម សុខា ការពារផលប្រយោជន៍ កម្មករ-កម្មការិនីរាប់លាននាក់ និងដោះស្រាយបញ្ហាធំៗ ពាក់ព័ន្ធនឹងប្រទេសជាតិទាំងមូល។

ទាក់ទិនគម្រោង បើកគណបក្សនយោបាយថ្មីនេះ លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ដោយសារពួកគាត់មានការធុញទ្រាន់ និងស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ននេះ ។

លោកបញ្ជាក់ថា «ខ្ញុំគិតថា គាត់មានការធុញទ្រាន់ និងបរិយាកាសនយោបាយ នាពេលបច្ចុប្បន្ន រវាងប៉ូលនយោបាយប្រឆាំង ប្រទាញប្រទង់គ្នាទៅវិញទៅមក និងសកម្មភាពថ្នាក់ដឹកនាំនយោបាយ វាយប្រហារគ្នា ធ្វើឲ្យពួកគាត់ធុញទ្រាន់» ។

លោកបន្តថា គ្រោងការបង្កើតគណបក្សថ្មីជាក្រុមនេះ មិនខុសនោះទេ ប៉ុន្តែកាលៈទេសៈនេះ មិនគួរទាន់បង្កើតទេ ដោយសារករណីលោក កឹម សុខា កំពុងដំណើរក្នុងការកាត់ទោស៕

To Top