ព័ត៌មានជាតិ

មកទល់បច្ចុប្បន្ន អាមេរិក ផ្តល់ជំនួយឥតសំណង១ ៥០០លានដុល្លារ ជួយកម្ពុជា

ភ្នំពេញ ៖ គិតចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទាន ឥតសំណង ប្រមាណជា១៥០០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍នានា ។

ក្នុងជំនួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាមេរិកប្រចាំកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក បាននាំមកនូវលទ្ធផល ប្រកបដោយផ្លែផ្កា ។

លោកបន្តថា “ក្នុងនោះ ជាក់ស្តែងចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ១ ៥០០ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ដោយផ្តោតលើវិស័យ អប់រំសុខាភិបាល កសិកម្ម និងបរិស្ថាន” ។

លោកឲ្យដឹងទៀតថា សព្វថ្ងៃមានក្រុមហ៊ុន អាមេរិកជាច្រើនបានដាក់ទុនវិនិយោគ នៅកម្ពុជាជាបន្តបន្ទាប់ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី បានបន្តកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីនេះ បានរួមចំណែកបង្កើតការងារ និងផ្តល់ប្រាក់ចំណូល ជាច្រើនដល់ប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ លោក Patrick Murphy បានថ្លែងថា រដ្ឋាភិបាលអាមេរិក នឹងបន្តជួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់កម្មវិធីសុខភាពសាធារណៈ ការអប់រំ , កម្មវិធីកសិកម្ម បរិស្ថាន , កម្មវិធីដោះមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ , ការផ្តល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះ អាមេរិក នឹងបន្តជួយផងដែរ ដល់វិស័យឯកជន នៅកម្ពុជា តាមរយៈកម្មវិធីលើក កម្ពស់អភិបាលកិច្ច និងការបង្កើនកិច្ច សហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរថែមទៀត ៕ ដោយ៖ធី លីថូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top