នយោបាយ

ក្រោយកម្ពុជា ផ្ញើរបាយការណ៍ឲ្យ EU លោក យ៉ែម បុញ្ញឫទ្ធិ នៅតែបន្តទាមទារ ទំលាក់បទចោទ ប្រកាន់លោក កឹម សុខា

ភ្នំពេញ ៖ លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាមនុស្សជំនិត របស់លោក កឹម សុខា ម្នាក់ដែរនោះនៅតែបន្តទា មទារឲ្យមានការ ទំលាក់បទចោទប្រកាន់ លើលោក កឹម សុខា បន្ទាប់ពីកម្ពុជាបានឆ្លើយតប ទៅនឹងរបាយការណ៍ របស់គណៈកម្មការអឺរ៉ុប (EU) ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA នាថ្ងៃទី១២ធ្នូ២០១៩ តាមការកំណត់។

លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងក្នុងហ្វេសប៊ុក នាព្រឹកថ្ងៃ១៣ ធ្នូថា ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប បានធ្វើឲ្យកម្ពុជា ចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា ៧០០លានដុល្លារ ក្នុង១ឆ្នាំៗ ជាពិសេសគឺជាការចូលរួមចំណែក ផ្ដល់ការងារដល់កម្មករខ្មែរ ជិតមួយលាននាក់ផងដែរ ។

លោកថា ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព ក្នុងការចូលរួមនយោបាយ ការដើរលើផ្លូវគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គួរធ្វើការអនុវត្តតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិពិតប្រាកដ ដែលមានចែងតាំងពីឆ្នាំ១៩៩៣មក។

លោកលើកឡើងពីលោក កឹម សុខា ដែលតែងតែអំពាវនាវឲ្យខ្មែរបញ្ឈប់ ការធ្វើឲ្យខ្មែរគ្នាឯងឈឺចាប់ និងឲ្យគោរពសិទ្ធិគ្នាទៅវិញទៅមកផងដែរ។ ការបញ្ឈប់ការធ្វើឲ្យខ្មែរឈឺចាប់ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក គឺនាំឲ្យខ្មែរអាចសាមគ្គីគ្នា បង្រួបបង្រួមគ្នា ផ្សះផ្សាជាតិ និងមានការឯកភាពជាតិ។

លោកយ៉ែម បុញ្ញឫទ្ធិបញ្ជាក់ថា “ការគោរពសិទ្ធិជាកត្តាសំខាន់ ព្រោះបើមានការគោរពសិទ្ធិ នាំឲ្យមានយុត្តិធម៌នៅក្នុងសង្គម សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍជាតិ។ យើងនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទ ក្នុងការផ្ដល់យុត្តិធម៌ និងសិទ្ធិពេញលេញជូនលោក កឹម សុខា”៕

To Top
×