ព័ត៌មានជាតិ

ផ្លូវជង្ហុកសំបុកមាន់៣១០ករណី ក្នុងចំណោម២ ៥០៣ករណី ត្រូវបានចុះជួសជុលរួចភ្លាមៗ

ភ្នំពេញ ៖ បើតាមការប្រកាស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជង្ហុកសំបុកមាន់ ៣១០ករណី ក្នុងចំណោម២ ៥០៣ករណី ត្រូវបានចុះជួសជុលរួចភ្លាមៗ ខណៈមួយចំនួនទៀត កំពុងសហការដោះស្រាយ ជាមួយភាគីពាក់ព័ន្ធ ព្រមទាំងដាក់ចូលផែនការ ដោះស្រាយក្នុងឆ្នាំបន្ទាប់ ។

ក្នុងកម្មវិធីបិទយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានលើកឡើងថា ដើម្បីការងារសាងសង់ និងថែទាំផ្លូវថ្នល់មានលក្ខណៈល្អប្រសើរ លុបបំបាត់ផ្លូវខូច និងជង្ហុកសំបុកមាន់ តាមដងផ្លូវនានាក្នុងរាជធានី-ខេត្ត ព្រមទាំងបង្កើនសុវត្ថិភាពចរាចរណ៍ ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ និងអភិវឌ្ឍន៍ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងប្រទេសកម្ពុជា ត្រូវចូលរួមសហការទាំងអស់គ្នា។

លោកបានមានប្រសាសន៍ថា កម្មវិធីថែទាំផ្លូវ គឺជាកម្មវិធីបច្ចេកវិទ្យា សម្រាប់ទំនាក់ទំនង រវាងមន្ដ្រីជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ដើម្បីសម្រួលដល់ការបំពេញបន្ថែម លើយន្តការតាមដាន ប្រមូលព័ត៌មាន និងដោះស្រាយលើការងារថែទាំផ្លូវ ក្នុងការចូលរួមចំណែកថែរក្សាផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈ របស់យើងទាំងអស់គ្នា។

រដ្ឋលេខាធិការ បានណែនាំអង្គភាព ក្រោមឱវាទយកចិត្តទុកដាក់ ពង្រឹងគុណភាពក្នុងការសាងសង់ ជួសជុល និងថែទាំផ្លូវ ចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ឲ្យបានញឹកញាប់ និងចាត់វិធានការដោះស្រាយបញ្ហាផ្លូវខូច ដែលប្រជាពលរដ្ឋបានរាយការណ៍ បានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ថែមទាំងចូលរួមទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុធ្វើឲ្យផ្លូវថ្នល់ ទទួលរងការខូចខាតមុនអាយុកាល។

លោកក៏បានជំរុញ លើកទឹកចិត្តមន្ត្រីក្រសួង ក៏ដូចជាប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវរាយការណ៍ អំពីជង្ហុកសំបុកមាន់ តាមរយៈកម្មវិធីថែទាំផ្លូវ ដើម្បីក្រុមការងារក្រសួង អាចចុះមកជួសជុលបានទាន់ពេលវេលា បង្ការកុំឲ្យផ្លូវខូចកាន់តែធំ។

សូមបញ្ជាក់ថា កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) បានដាក់ដំណើរការរយៈពេល១ឆ្នាំ (១៣ ធ្នូ ២០១៨-១៣ ធ្នូ ២០១៩) ដោយមានអ្នកទាញយកកម្មវិធី សរុបចំនួន ១៧ ១១២នាក់ ដែលមានរបាយការណ៍ចំនួន ២ ៥០៣ របាយការណ៍ ក្នុងនោះរបាយការណ៍ ដោះស្រាយរួចចំនួន ១ ០៥៤ របាយការណ៍ ស្មើនឹង ៤២% ។ ក្នុងនោះ បានចុះជួសជុលរួចភ្លាមៗ មានចំនួន ៣១០ ករណី និងមួយចំនួនទៀត កំពុងត្រូវបានសហការដោះស្រាយ ជាមួយភាគពាក់ព័ន្ធ និងដាក់ចូលក្នុងផែនការឆ្នាំបន្ទាប់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top